នៅព្រឹកថ្ងៃទី២២ ខែមីនា ប្រធានាធិបតីចិននិងគណៈប្រតិភូបានចាកចេញពីទីក្រុងមូស្គូ បញ្ចប់ដំណើរទស្សនកិច្ចរុស្ស៊ីរយៈពេល ៣ថ្ងៃ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA បានរាយការណ៍ថា យន្ដហោះរបស់លោក ស៊ី ជីនពីង បានចេញពីអាកាសយានដ្ឋាននូកូវ៉ូ (Vnukovo) នៃទីក្រុងមូស្គូ បន្ទាប់ពីមេដឹកនាំចិនទទួលបានការធ្វើគារវកិច្ចជូនដំណើរជាមួយការប្រគំបទភ្លេងជាតិរុស្ស៉ី និងចិន។
គួរបញ្ជាក់ថា លោក ស៊ី ជីនពីងបានផ្ដើមបំពេញទស្សនកិច្ចនៅរុស្ស៉ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ លោក ស៉ី ជីនពីង កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយសមភាគី
រុស្ស៉ីរបស់លោក គឺលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលនាំទំនាក់ទំនងរវាងប្រទេសទាំង២ ចូលក្នុងយុគសម័យថ្មីមួយនៃកិច្ចសហប្រតិបត្តិការ ខណៈដែលមេដឹកនាំទាំង២អំពាវនាវឱ្យមានកិច្ចសន្ទនាប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក ស៉ី ជីនពីង ប្រកាសពីការចុះកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក ពូទីន នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ប្រធានាធិបតីចិនបានគូសបញ្ជាក់ដូច្នេះថា «យើងបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយស្ដីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគី ដែលបានចូលក្នុងយុគសម័យថ្មីមួយ»។ លោក ស៉ី ជីនពីង បន្ថែមថាចិននិងរុស្ស៉ីគួរតែធ្វើការជាមួយគ្នាឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងដ៏អស្ចារ្យ។
ជាការឆ្លើយតបទៅនឹងលោក ស៉ី ជីនពីង លោក ពូទីន ក៏បាននិយាយដែរថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវបានសម្រេចឡើងជាមួយការសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងមូស្គូនឹងទីក្រុងប៉េកាំង គឺជាអាទិភាពមួយសម្រាប់
រុស្ស៉ី។ ប៉ុន្តែ កិច្ចប្រជុំកំពូលនេះមិនទាន់អាចរកច្រកចេញសម្រាប់បញ្ហាអ៊ុយក្រែនបាននៅឡើយទេ៕ ដោយធីរីណា
រូបថត : tass