ចាប់ផ្ដើមហើយសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ ប្រារព្ធនៅព្រឹកនេះក្រោមអធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ កងទ័ពកម្ពុជា-ចិន នឹងបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើ ឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ​សន្តិសុខ​ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង​ឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង​ដើម្បី​​លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោល បំណង​គំរាមកំហែង​ដល់នរណា ឬប្រទេសណាឡើយ។

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជា ការកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់់ចំនួន ៥៨៣នាក់ ដោយឡែកកងទ័ពចិនមានចំនួន ២៥៧ នាក់។ ការធ្វើសមយុទ្ធនេះ គឺជាការគ្រោងទុកជាយូរ​ណាស់មកហើយ រវាងកងទ័ពនៃប្រទេសទាំងពីរ ពុំមែនធ្វើឡើងដោយចៃដន្យនោះឡើយ។

អ្នកនាំពាក្យរូបនេះបន្តថា សមយុទ្ធនេះគឺជាការផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ​ក្នុងការលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាល​ចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធន៍ ចេះសម្របសម្រួល ចេះរស់នៅនិងធ្វើការងារ​រួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាឆ្លើយតប ទៅនឹង​បញ្ហាប្រឈមនានាដែលមិនមែនជាប្រពៃណីជាដើម។

...

គួរបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន ធ្វើ ឡើងចំនួន ៤លើករួចមកហើយ។ ការធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ​បង្ក្រាប​គ្រឿង ញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ ២០២១ និងឆ្នាំ២០២២​ដោយ​សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print