ក្លិបអេស្ប៉ាញ Sevilla បានបណ្តេញគ្រូបង្វឹកលោក Jorge Sampaoli ចេញហើយកាលពីថ្ងៃអង្គារ ខណៈដែលក្លិបនៅ La Liga មួយនេះមាន២ពិន្ទុពីលើតំបន់កាត់ចោល។
Sevilla បានចាញ់៤ប្រកួតក្នុងចំណោមការប្រកួតលីកចំនួន៧ចុងក្រោយរបស់ពួកគេ រួមទាំងការចាញ់ ៦–១ ដោយក្រុម Atletico Madrid។ ទោះបីជាពួកគេឆ្លងផុតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ប៉ុន្តែពួកគេឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង La Liga មាន២៨ពិន្ទុ ខណៈនៅសល់១២ ប្រកួតទៀតបន្ទាប់ពីការចាញ់ក្រុម Getafe ២–០ កាលពីថ្ងៃអាទិត្យកន្លងទៅ។
បុរសសញ្ជាតិអាហ្សង់ទីន Sampaoli វ័យ៦៣ឆ្នាំក៏បានដឹកនាំក្រុម Sevilla ក្នុងរដូវកាល ២០១៦–២០១៧ និងគ្រប់គ្រងក្រុមជម្រើសជាតិអាហ្សង់ទីនពីឆ្នាំ២០១៧–២០១៨ផងដែរ។
ក្លិប Sevilla បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីបរាជ័យនៅ Getafe ដែលទុកក្រុមនៅពីលើតំបន់កាត់ចោលក្លិបបានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកអាហ្សង់ទីន មុនពេលសម្រាកអន្តរជាតិ”។
លោក Sampaoli នឹងមិនដឹកនាំវគ្គហ្វឹកហាត់ទៀតទេ ខណៈពេលដែលក្លិបកំពុងធ្វើការលើការជ្រើសរើសគ្រូបង្វឹកថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
Sevilla គឺជាក្រុមឈ្នះពានរង្វាន់ Europa League ៦ដង ហើយត្រូវជួប Manchester United សម្រាប់ការប្រកួតនៅរដូវកាលនេះ។ ការប្រកួតនៅ La Liga លើកដំបូងរបស់ពួកគេបន្ទាប់ពីការសម្រាកអន្តរជាតិគឺនៅក្រុមលេខ១៥ Cadiz នៅថ្ងៃទី១ ខែមេសា៕ (រូបភាព ៖ Reuters/CNA)