សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តឱ្យមានការវិនិយោគឬធ្វើអាជីវកម្មដែលមិនមែនជាគោលដៅដើម្បីបិទបាំងធ្វើសកម្មភាពខុសច្បាប់នោះទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការវិនិយោគនិងធ្វើអាជីវកម្មដែលមិនមែនជាការបើកអាជីវកម្មដើម្បីធ្វើជាខែលនិងបិទបាំងសម្រាប់សកម្មភាពខុសច្បាប់ ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ។

   នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «យើងលើកទឹកចិត្តឱ្យមានការវិនិយោគ និងធ្វើអាជីវកម្ម ប៉ុន្ដែមិនមែនបើកអាជីវកម្មដើម្បីខែលនិងបិទបាំងដើម្បីឱ្យសកម្មភាពខុសច្បាប់ ការជួញដូរមនុស្ស ការរំលោភសិទ្ធិមនុស្ស ដោយជ្រកក្រោមស្លាកអាជីវកម្មស្របច្បាប់នោះទេ»។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមានរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស។ សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ការបង្រ្កាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធ បណ្តាក្រុមហ៊ុនឯកជនទេ គឺមិនអាចទទួលបានលទ្ធផលល្អប្រសើរនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យកម្ពុជាមានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រកនៃការជួញដូរមនុស្ស។

   ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ជ.ប.ជ បានលើកឡើងថា នាពេលបច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់បង្រ្កាបអំពើជួញដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ផងដែរ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print