ភ្នំពេញ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា : «អ្នកដឹកនាំបន្តវេនមិនមែនអង្គុយរង់ចាំតួនាទីដែលធ្លាក់ពីលើមេឃនោះទេ។ តើអ្នកដឹកនាំបន្តវេនគួរយល់ដឹងអ្វីខ្លះ?»
ជុំវិញបញ្ហានេះ លោកថា , ចម្លើយសម្រាប់ខ្ញុំ ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាស្ត្រាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាបមានបីចំណុច៖
(១)រៀនសូត្រពីប្រវត្តិសាស្ត្រខ្លួនឯង។
(២)ស្គាល់ពីប្រព័ន្ធដឹកនាំប្រទេស ។
និង(៣)ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ដើម្បីធានានិរន្តរភាពជាតិ និងការអភិវឌ្ឍទៅមុខ។»
លោក ហ៊ុនម៉ានី បន្តថា, ការសិក្សា រៀនសូត្រ ស្វែងយល់ និងចងចាំប្រវត្តិសាស្ត្រមិនថាជាដំណាក់កាលនៃសម័យកាលរុងរឿង ដំណាក់កាលជូរចត់ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ណា ឬមិនថាស្ថិតក្នុងចំណុចពេលវេលាណាក្នុងប្រវត្តិសាស្ត្រនោះទេ សុទ្ធតែជាមេរៀនដែលយើងត្រូវតែយកចិត្តទុកដាក់ទុកជាបទពិសោធន៍ដើម្បីធានាបាននូវនិរន្តរភាពរដ្ឋរបស់យើង។ កម្ពុជាបានឆ្លងកាត់របត់សង្គមច្រើនណាស់ ទម្រាំយើងអាចងើបឡើងវិញ ស្តារប្រទេសជាតិឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ដូច្នេះយើងត្រូវបន្តថែរក្សាសន្តិភាពឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។
រាល់ដំណាក់កាលនៃការវិវឌ្ឍរបស់សង្គម ឬការដឹកនាំសង្គមនានា ចាំបាច់ណាស់ គឺអ្នកដឹកនាំត្រូវស្គាល់ពីប្រព័ន្ធដឹកនាំរបស់ប្រទេស ដែលបែងចែកជាអំណាចផ្សេងៗ។ ក្នុងន័យនេះ ទោះបីយើងស្ថិតក្នុងបរិបទណាក៏ដោយ គប្បីប្រុងប្រយ័ត្នចំពោះវិធីសាស្ត្រ និងរបៀបរបបនៃការប្រើប្រាស់តួនាទី ដើម្បីជៀសវាងការប្រើប្រាស់អំណាចក្នុងតួនាទីដែលខុសគោលដៅ។ គោលដៅរបស់យើងទាំងអស់គ្នានោះគឺ ប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
មួយទៀតនោះគឺ ក្នុងកិច្ចការចូលរួមបន្តអភិវឌ្ឍ និងដើម្បីជំរុញសំទុះឲ្យកាន់តែមានភាពធន់ អ្នកដឹកនាំបន្តវេនគប្បីចេះហាត់ពត់លត់ដំសមត្ថភាពបន្ថែមលើជំនាញដែលមានស្រាប់។ សមត្ថភាពនោះគឺការយល់ដឹងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលជាចលករចាំបាច់សម្រាប់ជីវភាពរស់នៅក្នុងសង្គមស៊ីវិល័យ ក៏ដូចជាភាពធន់នៃសេដ្ឋកិច្ច របស់កម្ពុជាក្នុងបរិយាកាសដែលយើងកំពុងតែមានសុខសន្តិភាព។
អ្នកដឹកនាំបន្តវេនត្រូវរៀនបណ្តុះសមត្ថភាពខ្លួនឯង ស្របពេលដែលថ្នាក់ដឹកនាំ កំពុងតែដឹកនាំ។ ខ្ញុំចង់ឃើញអ្នកដឹកនាំបន្តវេនដែលមានភាពច្បាស់លាស់ និងភាពប្រាកដប្រជា ៕
ដោយ : សិលា