ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា វិស័យ Digital គឺជាកត្តាមិនអាចខ្វះ និងបានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាចំនួន៣ សំខាន់ គឺ បច្ចេកវិទ្យា កសិកម្ម អប់រំ និងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងត្រៀមដាក់ចេញ បច្ចេកវិទ្យាអាទិភាពចំនួន ៣ បន្ថែមទៀត គឺបច្ចេកវិទ្យា ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យក្នុងការអនុវត្តការងាររបស់ក្រសួង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលជំរុញ និងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ និងលើកកម្ពស់វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងប្រទេសកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃព្រះរាជាណាចក្រ ថ្លែងបែបនេះ ខណៈ អញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ៕
ដោយ : សិលា