សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ​ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍»​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម៖

-សម្តេចតេជោ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង ពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា-អន្តរជាតិលើកទី ១, ឆ្នាំ២០២៣។

-សម្តេចតេជោ ប្រកាសអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់កាល នៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

-សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥” និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។

-សម្តេចតេជោ ថ្លែង​ថា កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»។

-សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យ សាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

-សម្តេចតេជោ ថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។

-សម្តេចតេជោ ថ្លែងថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ គឺ ១).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។

-សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាល ក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាព ចំនួន៣បន្ថែមទៀត គឺ ១). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២).ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣). ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។

-សម្តេចតេជោ ថ្លែងថា ដើម្បីលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា សម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៥ចំណុច។

-សម្តេចតេជោ ថ្លែង​ថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ សម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់ របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

សូមជម្រាបថា​ ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» រៀបចំឡើងដោយក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះជាការរៀបចំជាលើកដំបូងហើយ​នៅកម្ពុជា ពោលមិនធ្លាប់មាននោះទេពីមុនមក។

...

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្ត​គោល​នយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្រប​ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print