ក្រឡាននៅខេត្តស្ទឹងត្រែងត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:សម្រេចចុះឈ្មោះក្នុងបញ្ជី ដើម្បីរក្សាមុខរបរពីដូនតា

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានរៀបចំចុះបញ្ជី ផលិតផលក្រឡានប្រចាំតំបន់របស់ប្រជាពលរដ្ឋនៅភូមិហាងខូបាន សង្កាត់សាមគ្គីដើម្បីជួយទ្រទ្រង់ផ្នែកទីផ្សារនិងបានរក្សានូវមុខរបរដូនតាសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។

លោកស្រី ញ៉ើត សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានបង្កើតមុខរបរមានកេរ្តិ៍ឈ្មោះល្អអាចរក្សាទុកនិងបង្ហាត់បង្រៀនដល់កូនចៅជំនាន់ក្រោយបន្តទៀត។

លោកស្រីបន្តថា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំបំពេញបែបបទសម្រាប់បញ្ជូនទៅថ្នាក់ក្រសួង សុំចុះបញ្ជីកម្មសិទ្ធិបញ្ញា និងបង្កើតជាសហគមន៍ក្រឡានដើម្បីជួយទ្រទ្រង់មុខរបរមួយនេះឱ្យអតិថិជនគាំទ្រនិងឱ្យបងប្អូនយើងផលិតលក់ជាអចិន្ត្រៃយ៍ប្រចាំក្នុងតំបន់ និងនាំចេញទៅទីផ្សារក្រៅខេត្តផងដែរ។

អ្នកស្រី វាសនា ចិន្តា អ្នកដុតក្រឡាននៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានអះអាងថា មុខរបរនេះអ្នកស្រីនិងក្រុមគ្រួសារក៏ដូចជាអ្នកភូមិបង្កើតឡើងអស់រយៈពេលជាង២០ឆ្នាំមកហើយ បច្ចុប្បន្នភាគច្រើនភ្ញៀវទេសចរនិយមទិញច្រើនជាងអ្នកក្នុងស្រុក។

អ្នកស្រីបន្តថា ពួកគាត់មានគ្នាប្រមាណតែជាង២០គ្រួសារប៉ុណ្នោះបាននាំគ្នាផលិតក្រឡាននេះ ហើយបច្ចុប្បន្ននៅសល់តែ៤ទៅ៥គ្រួសារទេដែលនៅបន្តផលិតដោយសារគ្រួសារផ្សេងទៀតគាត់ទៅចាប់យកមុខរបរថ្មី ដោយសារពិបាករកឫស្សីមកផលិតពេក។

លោក ផាន់ ប៊ុនសាន ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រឡានផលិតនៅខេត្តស្ទឹងត្រែងមានរសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ដោយអ្នកផលិតធ្វើគ្រឿងផ្សំខុសពីក្រឡាននៅខេត្តក្រចេះហើយមានតំលៃតែ៨.០០០ រៀលតែប៉ុណ្ណោះ ចំណែកក្រឡានខេត្តក្រចេះមានរសជាតិផ្អែម តម្លៃខ្លះ៨.០០០រៀលទៅ ១០.០០០រៀលក្នុងមួយគីឡូក្រាម។

លោកបានបន្តថា ការកែច្នៃឱ្យមានរសជាតិឆ្ងាញ់បែបនេះបានធ្វើឱ្យអតិថិជនចូលចិត្តបរិភោគនិងទិញទៅផ្ញើមិត្តភក្តិបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានខិតខំបង្កើតស្មាដៃប្រចាំតំបន់រៀងៗខ្លួនដូចជាអ្នកភូមិហាងខូបានដុតក្រឡានលក់- នៅភូមិព្រែកវេចនំអន្សមជ្រូកឆ្ងាញ់ -អ្នកភូមិស្ពានថ្មផលិតណែមធ្វើពីត្រីធម្មជាតិ ដែលជាចំណែក មួយបានលើកស្ទួយជីវភាពរស់នៅផងនិងបានរក្សាកេរ្តិ៍ឈ្មោះនិងស្នាដៃផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print