ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ីនិងចិនមិនបានបង្កើតសម្ព័ន្ធភាពយោធាទេ ហើយកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរមានតម្លាភាពទាំងស្រុង។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន Xi Jinping មេដឹកនាំនៃភាគីទាំងពីរបានអះអាងឡើងវិញនូវទំនាក់ទំនងមិត្តភាព និងប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រួមទាំងក្នុងវិស័យយោធាផងដែរ។
លោកពូទីនបាននិយាយតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃទី២៦ ខែមីនាថា “យើងមិនបង្កើតសម្ព័ន្ធភាពយោធាជាមួយប្រទេសចិនទេ។ យើងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យអន្តរកម្មយោធា-បច្ចេកទេស យើងមិនលាក់រឿងនេះទេ អ្វីគ្រប់យ៉ាងមានតម្លាភាព គ្មានអ្វីជាការសម្ងាត់ឡើយ»។
ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ “គ្មានដែនកំណត់” នៅដើមឆ្នាំ 2022 ប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ ទីក្រុងប៉េកាំងបានបដិសេធមិនរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ហើយបានបង្កើតឡើងនូវផែនការសន្តិភាពសម្រាប់អ៊ុយក្រែន។ លោកខាងលិចបានច្រានចោលសំណើរបស់ចិនថាជាល្បិចកលដើម្បីទិញពេលវេលាបន្ថែមសម្រាប់រុស្ស៊ីក្នុងការកសាងឡើងវិញ។
ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានសម្តែងការព្រួយបារម្ភថា ក្រុងប៉េកាំងអាចបំពាក់អាវុធដល់រុស្ស៊ី តែចិនបដិសេធ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកពូទីនបានច្រានចោលការលើកឡើងដែលថា ការពង្រឹងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយទីក្រុងប៉េកាំងក្នុងវិស័យដូចជាថាមពល និងហិរញ្ញវត្ថុមានន័យថារុស្ស៊ីកំពុងពឹងផ្អែកខ្លាំងពេកទៅក្នុងប្រទេសចិន ក្នុងពេលជាមួយគ្នានេះបាននិយាយថា នេះគឺជាទស្សនៈរបស់ “ប្រជាជនច្រណែន”។
លោកពូទីនបានសង្កត់ធ្ងន់ថា “អស់ជាច្រើនទសវត្សរ៍មកហើយដែលមនុស្សជាច្រើនប្រាថ្នាចង់បង្វែរប្រទេសចិនប្រឆាំងនឹងរុស្ស៊ី ហើយផ្ទុយទៅវិញ។ យើងយល់ពីពិភពលោកដែលយើងរស់នៅ។ យើងពិតជាផ្តល់តម្លៃដល់ទំនាក់ទំនងទៅវិញទៅមករបស់យើង និងវិសាលភាពដែលទំនាក់ទំនងទាំងនេះសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ” ។
លើសពីនេះ លោក ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកនិងអង្គការណាតូថាកំពុងស្វែងរកការកសាង “ចំណុចទាញ” សកលថ្មីមួយ ដែលលោកបាននិយាយថា មានលក្ខណៈស្រដៀងទៅនឹងសម្ព័ន្ធមិត្តសង្រ្គាមលោកលើកទី 2 រវាងណាស៊ីអាល្លឺម៉ង់ អុីតាលី និងជប៉ុន៕ ដោយធីរីណា
រូបថត : Reuters