ភ្នំពេញ : នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដល់លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ។
ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានពិធីត្រែទ័ព និងត្រួតពល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយ នឹងរួមចំណែកដល់ ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និង វិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕
ដោយ : សិលា