ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីសប្តាហ៍មុននេះបានចេញដីកាចំនួន២ច្បាប់ បង្គាប់ឱ្យសមត្តកិច្ចតាមរកចាប់ខ្លួនមេតុងទីនម្នាក់ដែលវេចលុយសមាជិក”កូនតុងទីន”ប្រមាណជាង៦០នាក់ស្មើទឹកប្រាក់ជិតកន្លះលានដុល្លារអាមេរិក ដែលព្យាយាមគេចខ្លួនរាប់ខែមកហើយនោះ ។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនពីរច្បាប់របស់លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ទី១៤ ខែមីនា និងថ្ងៃទី១៥ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
សូមរម្លឹកថា ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក គេបានសង្កេតឃើញមានការបង្ហោះព័ត៌មានបន្តគ្នា អំពីករណីមេតុងទីនម្នាក់បានវេចលុយជិតកន្លះលានដុល្លារអាមេរិករត់គេចខ្លួន ធ្វើឱ្យកូនតុងទីនប្រមាណជាង៦០នាក់កំពុងជូតទឹកភ្នែកក្បាលជង្គង់ ដែលអ្នកខ្លះអស់ទាំងប្រាក់ខែ អ្នកខ្លះអស់ទាំងលុយខំរកស៊ីលក់ដូរបន្តិចបន្តួចយកមកលេងតុងទីនជាមួយមេដើម្បីសន្សំទុក និងចង់បានការប្រាក់ ។ តាមសំណេរអ្នកលេងបណ្តាញសង្គមដែលបានបង្ហោះភ្ជាប់ជាមួយរូបថតមេតុងទីនថា (នេះជាមេតុងទីនមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៥ឆ្នាំ ធ្វេីមេតុងទីននៅក្នុងស្ថាប័នមួយ ហេីយបានឆបោកលុយកូនតុងទីនពេញមួយស្ថាប័ននោះ អស់ប្រាក់រាប់សិបមុឺន(ជិតកន្លះលានដុល្លារ) និងបានវេចលុយកូនតុងទីនទាំងអស់នោះរត់គេចបាត់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ដែលធ្វេីឱ្យកូនតុងទីនម្នាក់ៗដេកឈឺចាប់ និងទឹកភ្នែកជូតក្បាលជង្គង់ ចំណែកមេបានវេចលុយកូនយកទៅសម្ងំសុខតែម្នាក់ឯង។ នេះជាស្រីដែលចង្រៃបំផុត ដែលមិនយល់ពីការឈឺចាប់របស់គេឡើយ។ (ឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ដែរគេចាប់បាន ចុះហេតុអីឈ្មោះ ហួយ វត្តនី គេចាប់មិនបាន ឬមួយមានគេនៅពីក្រោយខ្នង តេីម្នាក់នោះជាអ្នកណា? បញ្ចាក់៖ ខ្ញុំមិនសំដៅទៅលេីអ្នកណាទេ ចឹងបេីអ្នកមិនពាក់ព័ន្ធកុំចេញមុខមកអី) ។ តាមប្រភពព័ត៌មានពីកូនតុងទីនម្នាក់ក្នុងចំណោមអ្នកលេងតុងទីនជាង៦០នាក់បានសម្តែងនូវការឈឺចាប់បំផុតចំពោះល្បិចកលឆបោករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួននាំមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ លើទង្វើដែលគេប្រព្រឹត្ត ។ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ មានអាសយដ្ឋានផ្ទះលេខF៤E០ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ចំនួន ២០០ ដុល្លារអាមេរិក ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរៀងៗខ្លួន ។ ប្រភពព័ត៌មានបន្តថា ដំបូងការលេងតុងទីននោះគឹមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែដេញតុងទីនម្តងៗ កូនបង់ឱ្យមេ ហើយមេក៏បានប្រគល់ប្រាក់ឱ្យទៅកូនណាដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះមេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិកក៏រត់គេចខ្លួនបាត់ទៅ ។ ក្រោយពេលដឹងថា មេតុងទីនវេចលុយជិតកន្លះលានដុល្លាររត់គេចខ្លួនហើយ កូនតុងទីនបានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី ។ ម្តងនេះចាំមើលមេតុងទីនបម្រើការងារនៅសាលាដំបូងវេចលុយបុគ្គលិក មន្ត្រីរាជការដូចគ្នាគេចខ្លួនតទៅទៀតបានទេ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរបានចេញដីកាឱ្យចាប់ខ្លួនដល់ទៅ២ដីកានោះ ឬមានស្លាបហើរដល់ពេលណាទៀត ?៕ ដោយ រ៉ារ៉ា