សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយមួយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចរួចរាល់នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញជួបប្រជុំទ្វេភាគីដែលធ្វើឡើងនៅវិមានសន្តិភាព។

ក្នុងជំនួបប្រជុំទ្វេភាគីនោះផងដែរ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរបានរិះរកវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួមផងដែរ។ 

លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា  លោកពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអរគុណដល់សម្ដេចតេជោដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត។ 

លោកបានមានប្រសាសន៍បន្តថា សម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏មានបទពិសោធន៍ទូលំទូលាយ និងបានចូលរួមដោះស្រាយបញ្ហា​ស្មុគស្មាញ​ភាគច្រើន ដូចជា​បញ្ហា​មីយ៉ាន់ម៉ា ជាពិសេសការរក្សាបាន​សន្តិភាព​នៅកម្ពុជា ​ហើយប្រសិនបើប្រៀបធៀប​ទៅនឹងស្ថានភាព​នៅ​មីយ៉ាន់ម៉ាបច្ចុប្បន្ននេះ ​នេះជាឧទាហរណ៍១ដ៏ល្អអស្ចារ្យ ​ដែលកម្ពុជា​ជាប្រទេសមួយដែល​ធ្លាប់​ញាំញី​ដោយ​សង្គ្រាមស៊ីវិល ​ហើយទីបំផុត​ទទួលបានសន្តិភាព​យ៉ាង​ពេញលេញ ហើយលោកក៏​ទន្ទឹងរង់ចាំការចូលរួម​ចំណែករបស់​សម្ដេច​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​នាពេលខាងមុខដើម្បី​ពិភាក្សាផ្ដល់នូវទស្សនៈមួយចំនួននៅក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញការដោះ​ស្រាយបញ្ហា​មីយ៉ាន់ម៉ា អំពីរដ្ឋបាលយោធារបស់មីយ៉ាន់ម៉ា​ឱ្យយល់អំពីថា​ បញ្ហានេះ​មិនត្រូវបន្តដោយ​មិនមានដំណោះស្រាយនោះទេ ​ហើយបញ្ហាសមុទ្រចិនខាងត្បូង ​បញ្ហារុស្ស៊ី អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ ​បញ្ហាតៃវ៉ាន់ និងចិនជាដើម គឺសម្តេច និងរូបលោកពិតជាមានទស្សនៈដូចគ្នា។ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានថ្លែងនូវការកោតសរសើរការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សា​លើកិច្ចការជាច្រើន ក្នុងនោះ​បាន​ឯកភាពគ្នាពង្រឹង​កិច្ចសហប្រតិបត្តិការរវាង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីធ្វើការប្រឆាំងនឹងការរត់ពន្ធ ការជួញដូរមនុស្ស ​និងសម្អាតប្រាក់រួមទាំង​ការពិចារណា​បង្កើត​ឱ្យមានអនុស្សរណៈយោគយល់គ្នារវាងនគរបាល​នៃប្រទេសទាំង២ផងដែរ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកឡើង​យ៉ាង​ទូលំ​ទូលាយ​ពាក់ព័ន្ធ​ទៅនឹងបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម​ វិនិយោគក៏ដូចជា​បញ្ហាតំបន់ និងអន្តរជាតិផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម ឱ្យបង្កើនការទិញអង្ករ គ្រាប់ស្វាយចន្ទី ក៏ដូចជាកសិផលផ្សេងទៀតពីប្រទេសកម្ពុជា ហើយកម្ពុជាក៏នឹងជំរុញបង្កើនការនាំចេញទៅប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យបានច្រើនឡើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើប្រទេសម៉ាឡេស៉ី ជួយគាំទ្រដល់ការស្ថាបនាខ្សែកាប្លិ៍អគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៉ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។

សម្ដេចតេជោបានថ្លែងរំលឹកដល់អនុស្សាវរីយ៍ដ៏គួរឲ្យចងចាំ គឺជាការស្គាល់គ្នាជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៉ី តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ ដែលកាលនោះ សោក អាន់វ៉ា បានរៀបចំពិសាអាហារមួយពេលជូនសម្តេចនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ហើយបើគិតមកដល់ពេលនេះ មានរយៈពេល២៧ឆ្នាំមកហើយ។

សម្តេចតេជោបានផ្ដាំផ្ញើតាមរយៈលោកអាន់វ៉ា ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីភរិយាសម្តេច ជូនដល់ភរិយា លោក អាន់វ៉ា ផងដែរ ព្រោះតែភរិយានាយករដ្ឋមន្ត្រីទាំងពីរ មានជោគវាសនាប្រហាក់ប្រហែលគ្នា នៅពេលប្តីជួបទុក្ខលំបាក ភរិយាត្រូវទទួលអំរែកទាំងអស់ក្នុងគ្រួសារ។ ថ្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពី វិនិយោគ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ថាមពល ក៏ដូចជាការជំរុញលើកទឹកចិត្តការវិនិយោគ រវាងប្រទេសទាំងពីរផងដែរ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print