នៅថ្ងៃទី 27 ខែមីនា មនុស្សរាប់លាននាក់ដែលប្រើប្រាស់ការដឹកជញ្ជូនសាធារណៈដើម្បីទៅធ្វើការនៅប្រទេសអាល្លឺម៉ង់នឹងប្រឈមមុខនឹងការរំខានយ៉ាងធ្ងន់ធ្ងរនៅពេលដែលកម្មករដឹកជញ្ជូនទូទាំងប្រទេសរៀបចំកូដកម្មដ៏ធំមួយទាមទារប្រាក់ឈ្នួលខ្ពស់ចំពេលមានអតិផរណាខ្ពស់។
យោងតាមកាសែត The Guardian បុគ្គលិកនៅអាកាសយានដ្ឋាន កំពង់ផែ ផ្លូវរថភ្លើង ឡានក្រុង និងរថភ្លើងក្រោមដីនៅទូទាំងសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងស្តាប់តាមការអំពាវនាវរបស់សហជីព Verdi និង EVG ហើយចូលរួមការហែក្បួននៅថ្ងៃដំបូងនៃសប្តាហ៍។ Verdi តំណាងឱ្យបុគ្គលិកប្រហែល 2.5 លាននាក់ដែលកំពុងធ្វើការក្នុងវិស័យសាធារណៈ ខណៈដែល EVG តំណាងឱ្យបុគ្គលិក 230,000នាក់ នៃក្រុមហ៊ុនផ្លូវដែក និងរថយន្តក្រុង។
ថ្លែងទៅកាន់ទូរទស្សន៍សាធារណៈរបស់អាល្លឺម៉ង់ នៅតំបន់Phoenix នាយក Verdi លោក Frank Werneke បាននិយាយថា ការប្រយុទ្ធសម្រាប់កម្មករដោយគ្មានផលប៉ះពាល់គឺគ្មានន័យអ្វីទាំងអស់។ លោកទទួលស្គាល់ថា ការធ្វើបែបនេះនឹងបង្កការរអាក់រអួលច្រើនដល់អ្នកដំណើរនិងភ្ញៀវទេសចរ។
“កូដកម្មធំ” ដូចដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហៅថាវាបានកើតឡើងបន្ទាប់ពីវិស័យអាល្លឺម៉ង់ជាច្រើន រួមទាំងសេវាប្រៃសណីយ៍ ព្រលានយន្តហោះ និងការដឹកជញ្ជូនក្នុងស្រុកបានឃើញកូដកម្មក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ។
ដោយសារតែកូដកម្មកាលពីថ្ងៃទី 27 ខែមីនា ក្រុមហ៊ុនផ្លូវដែករបស់រដ្ឋ Deutsche Bahn (DB) បានផ្អាកទាំងស្រុងនូវរថភ្លើងផ្លូវឆ្ងាយទាំងអស់ ខណៈដែលខ្សែក្នុងតំបន់ និងក្នុងស្រុកជាច្រើនទៀតនឹងត្រូវផ្អាក។ ក្រុមហ៊ុនបានព្យាករថា កូដកម្មនឹងមាន “ផលប៉ះពាល់ធំ” លើបណ្តាញផ្លូវដែកទាំងមូលរបស់ខ្លួន ហើយបានសន្យាថានឹងជូនដំណឹងដល់អតិថិជន “ឱ្យបានលឿន និងទូលំទូលាយតាមដែលអាចធ្វើទៅបាន” អំពីការលុបចោល និងការពន្យារពេល។
ទន្ទឹមនឹងនេះដែរ សមាគមអាកាសយានដ្ឋានអាល្លឺម៉ង់បាននិយាយថា កូដកម្មនេះគឺហួសពីការស្មាន ហើយបានប៉ាន់ប្រមាណថាអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ប្រហែល 380.000នាក់ នឹងត្រូវរងផលប៉ះពាល់៕ ដោយធីរីណា
រូបថត : Reuters