មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ រួមនិងថ្នាំញៀនជាង ១៣គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​​បង្ក្រាបករណីជួញដូរគ្រឿងញៀន ២ទីតាំងផ្សេងគ្នានៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃចន្ទទី​២៧​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ថា៖​ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបករណីគ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ចំនួន​ ២គោលដៅផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ រួមនិង​រឹបអូស​ថ្នាំញៀនជាង១៣គីឡូក្រាម។

មន្រ្តី​ជាន់ខ្ពស់​រូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ ករណីបង្ក្រាបគ្រឿងញៀននេះ​ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា៖ គោលដៅទី១ បណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ១០៩ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នៅ សុខ ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ ដោយរឹបអូសវត្ថុតាងគ្រឿងញៀន, កេតាមីន (Ketamine) ១កញ្ចប់, មេតំហ្វេតាមីន (ICE) ១៥កញ្ចប់ធំ សញ្ញារូបប៉ានតែ, កញ្ចប់ពណ៌ក្រហម១០០កញ្ចប់ សង្ស័យសាធាតុញៀន, កញ្ចប់ពណ៌ស ១០០កញ្ចប់ សង្ស័យសាធាតុញៀន និងកញ្ចប់ពណ៌ខៀវ ១០០កញ្ចប់ សង្ស័យសាធាតុញៀន។ សរុបគ្រឿងញៀនចំនួនជាង ១៣គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print