ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីពាក់ស័ក្តិ៤ នៅមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចចិត្តដកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កាមួយគ្រាប់បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច បង្កការភ្ញាក់ផ្អេីលដល់បងប្អូនសាច់ញាតិនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥៣BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស៊ុម រី អាយុ៥៤ឆ្នាំ មានមុខរបរបម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បេីតាមសម្ដីបងប្អូនសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានសម្រាកនៅខាងលើផ្ទះ ចំណែកឯបុរសរងគ្រោះត្រូវជាបងសម្រាកនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង ។ លុះដល់ម៉ោងកើតហេតុខាងលើប្រមាណជា២និង១០នាទីរំលងអធ្រាត្រ ពួកគាត់ក៏បានឮស្នូរកាំភ្លើងផ្ទុះមួយគ្រាប់ ភ្លាមៗនោះពួកគាត់ក៏ភ្ញាក់ពីដេករួចចុះពីលើផ្ទះមកមើលខាងក្រោមស្រាប់តែឃើញបុរសត្រូវជាបងបានបាញ់ខ្លួនឯងចំសៀតផ្កាចំនួនមួយគ្រាប់ស្លាប់នៅលើគ្រែក្រោមដើមស្វាយបាត់ទៅហើយ ។ បន្ទាប់មកពួកគាត់ជាបងប្អូនសាច់ញាតិក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងទំពុនទី១ ចុះមកពិនិត្យមើលទីតាំងកើតហេតុ ដោយសមត្ថកិច្ចបានយកខ្សែហ៊ូមព័ទ្ធជុំវិញកន្លែងសពរងគ្រោះ រង់ចាំជំនាញចុះមកពិនិត្យបន្ត។
តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់បន្តថា ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនដូចជាជំងឺថ្លើមក្រពះនិងពោះវៀនជាយូរមកហេីយ ដោយមិនចង់ឱ្យក្រុមគ្រួសារពិបាករកប្រាក់ព្យាបាលជំងឺគាត់ ទើបគាត់សម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងយ៉ាងដូច្នេះ ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី១ បានសហការជាមួយមន្ត្រីជំនាញផ្នែកជំនាញកោសល្យវិច័យដើម្បីពិនិត្យសព ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ