ខេត្តកំពង់ធំ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុចដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ត្រូវខិតខំរួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣នេះ។
ពិធីនេះដែរបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ និងដោយមានការចូលរួមពី លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈប្រតិភូអមដំណើរ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ រួមទាំងលោក លោកស្រី និងសមាជិក សមាជិកាចូលរួមជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តេីមនាឱកាសនោះបន្ទាប់ពីបានស្តាប់លោក ងួន រតនៈ ឡេីងអានរបាយការណ៍រួចមក លោក ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ និងលោក លោកស្រី ក្នុងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឲ្យកត់សម្គាល់។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានគូសបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
នាឱកាសនោះ លោក ថោង ខុន ក៏បានដាក់ចេញកិច្ចការណែនាំសំខាន់ៗ ៧ចំណុច ដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមមាន៖
ទី១៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យ ភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
ទី២៖ ត្រូវខិតខំរួមសហការគ្នាអនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត និងលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតទាំងមូល សំដៅរួមគ្នាធានាឲ្យការបោះឆ្នោតជាតិ លើកទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាពល្អប្រសើរ។
ទី៣៖ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋានរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារ តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែករដ្ឋតាមមូលដ្ឋានឲ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
ទី៤៖ ត្រូវបន្តខិតខំកៀរគរនិងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទី៥៖ រដ្ឋបាលខេត្ត មន្ទីរជំនាញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តចុះអនុវត្តជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានអាស្រ័យផល និងបង្កបង្កើនផលលើដីរបស់ខ្លួនពិតប្រាកដ និងស្របច្បាប់។ ជាក់ស្តែងកន្លងមកលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ក៏បានដាក់ចេញនូវអនុក្រឹត្យ និងសេចក្តីជូនដំណឹងជាច្រើនពាក់ព័ន្ធនឹងការកែសម្រួលព្រំប្រទល់ដីពីតំបន់២ មកតំបន់១ ការកាត់ឆ្វៀលដីតំបន់៣ មកតំបន់២ និងការប្រើប្រាស់ដីនៅតំបន់អភិរក្សសត្វខ្សឹប នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំគោលដៅមួយចំនួននៃខេត្តកំពង់ធំ។
ទី៦៖ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាពដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។ ត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូលតែមួយ
និងលើកកម្ពស់ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីដែលបំពេញការងារនៅតាមយន្តការច្រកចេញចូលតែមួយឲ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
និងទី៧៖ រដ្ឋបាលខេត្តត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ និងជំរុញលើកទឹកចិត្តមន្ត្រីឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពជំនាញព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តការងារឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
ប្រភព : ក្រសួងទេសចរណ៍