ក្រុមប្រឹក្សាសន្តិសុខ UN ទាត់ចោលការទាមទាររបស់រុស្ស៉ី ឱ្យមានការស៉ើបអង្កេតករណីផ្ទុះបំពង់ឧស្ម័ន Nord Stream

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្តាហ៍នេះ បានច្រានចោលដំណោះស្រាយ ដែលព្រាងឡើងដោយទីក្រុងមូស្គូ ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ពីរុស្ស៉ីទៅកាន់អាល្លឺម៉ង់ កាលពីឆ្នាំ២០២២។

សេចក្តីព្រាងដំណោះស្រាយនេះទទួលបាន ៣សំលេង ដោយប្រទេសចិន និងប្រេស៊ីលគាំទ្ររុស្ស៊ី រីឯសមាជិក ១២រូបផ្សេងទៀតបានធ្វើអនុបវាទ។ សេចក្តីព្រាងដំណោះស្រាយនេះ បានអំពាវនាវឲ្យមានការបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការស៊ើបអង្កេតជាអន្តរជាតិ មានតម្លាភាព និងមិនលំអៀងលើគ្រប់ទិដ្ឋភាពនៃសកម្មភាពបំផ្លិចបំផ្លាញលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 រួមទាំងការកំណត់អត្តសញ្ញាណជនល្មើស អ្នកឧបត្ថម្ភ អ្នករៀបចំ និងអ្នកសមគំនិត។
សមាជិកមួយចំនួននៃក្រុមប្រឹក្សាសន្តិសុខ UN បានស្នើឱ្យមានការជឿជាក់ទៅលើ ការសង្កេតដែលមានស្រាប់របស់ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់។ ដោយឡែក រុស្ស៊ីបានអះអាងថា ខ្លួនត្រូវបានរារាំងមិនឱ្យចូលរួម ក្នុងការស៉ើបអង្កេតរបស់ប្រទេសទាំង៣ នោះទេ។
បណ្តាប្រទេសលោកខាងលិចបានស្តីបន្ទោសរុស្ស៉ី ជុំវិញការផ្ទុះនៅក្រោមសមុទ្របាល់ទិក ដែលបានកើតឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែវិមានក្រឹមឡាំងបានចោទប្រកាន់លោកខាងលិចវិញ ថាជាអ្នកបំផ្លិចបំផ្លាញ។ វាមានរយៈពេលជិតប្រាំ ៦ខែទៅហើយ ដែលការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ឬអ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ នៅតែស្ថិតក្នុងអាថ៌កំបាំង៕

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print