ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបេីករថយន្តម៉ាក Ford Ranger មួយគ្រឿងត្រូវរថយន្តស្ទូចមួយគ្រឿងទៀត
បេីកបរយ៉ាងលឿនទាំងបំពានភ្លើងស្តបពណ៌ក្រហមជ្រុលទៅបុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ២១៧កែងនឹងផ្លូវ៥០ម៉ែត្រត្រង់ចំណុចភ្លើងស្តុបបារគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFord Ranger ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BW-1685បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត តាមបណ្ដោយផ្លូវលេខ២១៧ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនមធ្យម លុះមកដល់ភ្លើងស្តុបបារគូជាចំណុចកើតហេតុ បានបួងចង្កូតបត់ស្តាំមកតាមបណ្តោយផ្លូវ៥០ម៉ែត្រ ខណៈបត់បានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែមានរថយន្តស្ទូចមួយគ្រឿងមិនចាំផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រពីលិចមកកើតក្នុងល្បឿនយ៉ាងលឿននិងបានបំពានភ្លើងស្តុបពណ៌ក្រហមជ្រុលទៅបុករថយន្តFord Ranger ចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តFord Ranger រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯបុរសជាម្ចាស់រថយន្ត Ford Ranger រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តមួយគ្រឿងទៀតទៅសង្រ្គោះភ្លាមៗ ចំណែករថយន្យបង្កបន្តល្បឿនបើករត់ទៅមុខគេចខ្លួនបាត់ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកដល់ទីតាំងកេីតហេតុដេីម្បីពិនិត្យ តែក្នុងករណីខាងលេីនេះមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចជំនាញឱ្យម្ចាស់រថយន្ត Ford Ranger ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ ៖ ភារ៉ា ដង្កោ