ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Mizuda Groupជប៉ុន ចង់វិនិយោគកែច្នៃ ដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុន បាន និងកំពុងអនុវត្ត នោះគឺការដឹកជញ្ជូនប្រមូលសំរាម ទៅចាក់នៅទីលានចាក់សំរាម បានល្អប្រសើរហើយនោះ ។
ការស្នើចង់វិនិយោគសំណល់រឹង ទៅជាអគ្គិសនីនេះ ធ្វើឡើងក្នុងឱកាស ដែលលោក Shan Jian Ming អគ្គនាយកក្រុមហ៊ុនMizuda Groupជប៉ុន ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក Shan Jian Ming បានមានប្រសាសន៏ថា៖ ក្នុងជំនួបនេះ ក្រុមហ៊ុន មានគោលបំណង ពិភាក្សាអំពីលទ្ធ ភាព នៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាត មានសោភណ្ឌភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្នុងនោះទី១ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី។ លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង ។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគ លើគំរោងដុតសំរាមទៅអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត ។ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុន Mizuda Group មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
លោក ឃួង ស្រេង បានមានប្រសាសន៏ថា៖ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ពិតជាទទួល បានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹក ជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុនចំនួន ០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការ ការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។ ជាលទ្ធិផល មាន ការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ដោយបានផ្លាស់ប្តូរគុណភាពសេវាគួរឱ្យកត់សម្គាល់ មិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយ និងសម្ភារ បរិក្ខារ ប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរ ពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន ។
លោក ឃួង ស្រេង ក៏បានណែនាំឲ្យក្រុមហ៊ុនMizuda Group Co.,Ltd បន្តការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីដណ្តើមស្នាដៃ បន្តការវិនិយោគប្រមូលសំរាមនេះ នៅតាមបណ្ដាលខេត្តផ្សេងៗទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះក្រុមហ៊ុនចង់វិនិ យោគដុតសំរាមទៅជាអគ្គិសនី នោះ លោក ឃួង ស្រេង បញ្ជាក់ថា៖ ការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជាតែសម្រាប់ខ្ញុំ គឺខ្ញុំសូមគាំទ្ររាល់គម្រោងនេះ ។ តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឲ្យ រដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនោះ រដ្ឋបាលរាជធានីភ្នំពេញនិងផ្តល់ជូនក្រុមហ៊ុនMizuda Groupមុនគេ៕.សំរិត