ខេត្តព្រៃវែង : លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង តាមរយៈការបង្ហោះ facebook ផ្លូវការ របស់លោក បានសន្យាជាមួយប្រជាពលរដ្ឋ បង្ក្រាបរឿងគ្រឿងញៀន លួច ឆក់ និងក្មេងពាលា នឹងធ្វើរហូតដើរដួល!
សូមបញ្ជាក់ថា , ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។ ៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់។
ដោយឡែកនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង តាមរយៈការបង្ហោះ facebook ផ្លូវការ របស់លោក បានបង្ហោះយ៉ាងដូច្នេះថា, សូមយាយតាអ៊ំពូមីងទុកពេលបន្តិចទៀត….. 🙏 ខ្ញុំដឹងថា ប្រជាជនព្រៃវែងខ្វល់ខ្លាំងរឿងគ្រឿងញៀនលួចឆក់ និងក្មេងពាលា ប៉ុន្តែដូចឃើញក្នុងរូប ជាប់ដៃច្រើន….. មានកន្លែងធ្វើការងារហើយ កម្លាំងរៀបរយហើយ នោះភាពវិជ្ជមាននឹងបង្ហាញជូនថា ល្អតែមើលឬល្អហូប? ខ្ញុំនឹងធ្វើរហូតដើរដួល! (MY ព្រៃវែង ❤️) ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានបង្ហោះទាំងរូបភាពនៃសកម្មភាព ការរៀបចំស្ថាបនាកសាងសង់កន្លែងធ្វើការ និងសកម្មភាពហ្វឹកហាត់ របស់មន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីអន្តរាគមន៍ ជាមួយនឹងការ ណែនាំ ទទួលយកបទពិសោធន៍ ភាពទទួលខុសត្រូវតាមតួនាទីនិងភារកិច្ច នៃបទបញ្ជារបស់ស្នងការ ស្នងការរង នាយការិយាល័យ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើស ។
លោកស្នងការថ្លែងថា, (ប្រឹងដល់ទីបញ្ចប់ និងធ្វើរឿងដែលខ្លួនឯងគិតថាត្រឹមត្រូវបំផុត ❤️ លទ្ធផលបែបណាអាស្រ័យលើព្រហ្មលិខិត…) ។
សូមបញ្ជាក់ផងដែរថា, ថ្មីៗកន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានប្រកាសជាសាធារណៈ នូវចំពោះមុខ នាយ នាយរង និងពលនគរបាលជាតិ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែងថា, បើប៉ុស្តិ៍រដ្ឋបាលនគរបាលតាមមូលដ្ឋាន ទាំង១១៦ប៉ុស្តិរដ្ឋបាល លុបបំបាត់បង្ក្រាបគ្រឿងញៀន មានប្រសិទ្ធភាព ក្នុងមូលដ្ឋាន និងទទួលបានម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ៕
ដោយ : សិលា