ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង៣០០នាក់តំណាងឱ្យ៣១២គ្រួសារបានសម្រេចចិត្តរួមគ្នាជួលត្រាក់ទ័រមកឈួសឆាយលុបប្រឡាយកាយកាត់ផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយបានកាយផ្តាច់មិនឱ្យពួកគាត់ឆ្លងកាត់នោះ តភ្ជាប់ឡើងវិញ។
តាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានលើកដៃសំពះអង្វរដល់ថ្នាក់ដឹកនាំខេត្តរតនគិរី ជាពិសេសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេមេត្តាជួយធ្វើអន្តរាគមន៍និងផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានភាពយុត្តិធម៌ និងធ្វើដំណើរលើផ្លូវចាស់ពីដូនតារបស់ពួកគាត់នេះប្រកបដោយក្តីសុខឡើងវិញផង ។
ការកាយលុបប្រឡាយដែលក្រុមហ៊ុនបានកាយផ្តាច់ផ្លូវដែលពួកគាត់ធ្លាប់ធ្វើដំណើររៀងមកនោះពួកគាត់បានប្រមូលផ្តុំគ្នាធ្វើសកម្មភាពនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីបានសម្រេចចិត្តរួមគ្នាជួលគ្រឿងចក្រចំនួន៣គ្រឿងកាយលុបប្រឡាយដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយបានកាយផ្តាច់ផ្លូវ។
ប្រជាពលរដ្ឋជាចាស់ទុំនៅកន្លែងកើតហេតុបានឱ្យដឹងថា អំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយបានកាយផ្តាច់ផ្លូវមិនឱ្យពួកគាត់ដែលរស់នៅក្នុងភូមិនោះឆ្លងកាត់ទៅមកនោះទេ បង្កជាបញ្ហាលំបាកក្នុងការធ្វើដំណើរ។
បញ្ហាទាំងនេាះពួកគាត់បានរួមគ្នាដាក់ពាក្យបណ្តឹងចូលទៅមូលដ្ឋានភូមិ ឃុំ ស្រុកឱ្យជួយធ្វើអន្តរាគមន៍សម្រួលដោះស្រាយ តែរឿងរ៉ាវនេះត្រូវបានអូសបន្លាយយូរឆ្នាំមកហើយនៅតែគ្មានដំណោះស្រាយសម្របសម្រួលដល់ពួកគាត់ទៀត គឺបានត្រឹមតែទន្ទឹងរង់ចាំប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលនៅទីនោះលើកឡើងថា រឿងរ៉ាវទុក្ខលំបាករបស់ពួកគាត់មិនត្រឹមតែគ្មានដំណោះស្រាយនោះទេ ផ្ទុយទៅវិញថ្មីៗនេះនៅអំឡុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយថែមទាំងដាក់បារាសបិទហើយកាយប្រឡាយផ្តាច់ផ្លូវកន្លែងថ្មីបន្ថែមទៀត ។ ដោយឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មីចំនួន៣១២គ្រួសារនោះធ្វើដំណើរតាមខ្នងទំនប់ដែលក្រុមហ៊ុនទើបនឹងលើកថ្មីឱ្យខ្ពស់ដើម្បីការពារទឹកជំនន់នៅរដូវទឹកឡើង ។
ប្រជាពលរដ្ឋមិនអាចទទួលយកផ្លូវនោះបានឡើយដោយពួកគាត់និយាយថា ការធ្វើដំណើរតាមផ្លូវលើខ្នងទំនប់ប្រឈមនឹងហានិភ័យគ្រោះថ្នាក់ខ្លាំងណាស់។
ម្យ៉ាងផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយកាយផ្តាច់ដាក់បារាសបិទមិនឱ្យពួកគាត់ឆ្លងកាត់នោះ គឺជាផ្លូវចាស់តាំងពីដើមរៀងមកដូនតាបន្សល់ទុកយូរហើយ ។
លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា រឿងរ៉ាវក្រុមហ៊ុននេះបានកើតឡើងមិនក្រោម៣លើកនោះទេ ហើយកន្លងទៅអាជ្ញាធរខេត្តរតនគិរីបានយកចិត្តទុកដាក់បង្កើតគណៈកម្មការជួបប្រជុំដោះស្រាយប្រកបដោយការទទួលខុសត្រូវ ម្យ៉ាងក៏មានការព្រមព្រៀងគ្នាផងដែរ ដោយឱ្យភាគីក្រុមហ៊ុនត្រូវអនុវត្តពីមុនយ៉ាងម៉េចបន្តរក្សាដូចដើមធម្មតា ។ ប៉ុន្តែបញ្ហានេះមូលហេតុអ្វីបានជាភាគីក្រុមហ៊ុននៅតែបង្កការស្មុគស្មាញដល់អាជ្ញាធរ ធ្វើអោយប្រជាពលរដ្ឋរងការលំបាកដដែលបែបនេះ? លោកអភិបាលក៏បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែករដ្ឋបាលខេត្តនឹងចេញ សជណ អនុវត្តលើវិធានការនេះផងដែរ ៕ ដោយ ជីវ័ន្ត