ភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំព្រះរាជអាជ្ញារងកម្មសិក្សាចំនួន ៣២រូប ចូលធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិច្ឆ័យ មុននឹងចេញទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងនៅអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌។
សូមបញ្ជាក់ថា, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជ្យក្រឹត្យ ត្រាស់បង្គាប់ : តែងតាំងព្រះរាជអាជ្ញារងកម្មសិក្សា ឲ្យទៅបម្រើការងារនៅក្រសួងយុត្តិធម៌ និងនៅតាមអយ្យការអម សាលាដំបូងរាជធានី-ខេត្ត ៣២នាក់ ។
ព្រះរាជអាជ្ញារងកម្មសិក្សាទាំងអស់ដែលមានឈ្មោះក្នុងមាត្រា១ ខាងលើនេះ ត្រូវបំពេញកម្មសិក្សារយៈពេល ១២(ដប់ពីរ)ខែ ចាប់ពីថ្ងៃតែងតាំងនេះតទៅ។
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា