ខេត្តបាត់ដំបង៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកទឹកចិត្ត និងជំរុញដល់មន្ត្រីសុខាភិបាល អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអប់រំ ផ្សព្វផ្សាយ ក្នុងការការពារសុខភាព និងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជន ដេីម្បីរក្សាបាននិរន្តរភាពនៃដំណេីរការសេដ្ឋកិច្ច-សង្គម ជម្រុញកំណេីនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ការលេីកឡេីងបែបនេះ ត្រូវបានធ្វេីឡេីងក្នុងពេលដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅខេត្តចំនួន០៣ ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ រួមមានខេត្តបន្ទាយមានជ័យដែលមានទីតាំង សាកលវិទ្យាល័យជាតិមានជ័យ រោងចក្រ ធី ខេ ហ្កាមេន ផ្សារមង្គលបូរី, ខេត្តប៉ៃលិនមានដូចជា កាស៊ីណូម្កុដពេជ្រ កាស៊ីណូហ្គ្រែន វិទ្យាល័យទេពនិមិត្ត និងខេត្តបាត់ដំបងរួមមានទីតាំងដូចជា អនុវិទ្យាល័យស្វាយស ផ្សារណាត់ មណ្ឌលសុខភាពជ្រៃ កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជំរុញដល់មន្ត្រីសុខាភិបាលអាជ្ញារធរ និងមន្ត្រីពាក់ព័ន្ធដើម្បីបន្តការខិតខំប្រឹងប្រែងអនុវត្តការងារចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹងភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានភាពរឹងមាំ ដែលជាមូលហេតុធ្វើឲ្យលំហនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែរួមតូចទៅៗ រហូតដល់គ្មានប្រឡោះសម្រាប់វីរុសកូវីដ-១៩ ផ្ទុះឡេីងវិញបាននោះឡេីយ។ ក្រុមវ័យចាស់ ស្រ្តីមានផ្ទៃពោះ អ្នកដែលមានជំងឺប្រចាំកាយ និងបុគ្គលដែលមានភាពស៊ាំចុះខ្សោយ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាពខ្លួន និងត្រូវទទួលបានការផ្តល់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ចំនួនដូសផងដែរ។
លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងនាមក្រសួងសុខាភិបាលបានកោតសរសើរ មន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះលទ្ធផលការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងប្រទេសកម្ពុជាបានជោគជ័យ រហូតបានបេីកដំណេីរការប្រទេសឡេីងវិញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។បន្ថែមលើនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពោល គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែល្អប្រសេីរឡេីងៗ ក្នុងទិសដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាពសុខភាពធារណ: ការពារមិនឱ្យមានការផ្ទុះឡេីងវិញនូវការឆ្លងរាលដាលវីរុសកូវីដ-១៩ ដូចដែលយេីងកំពុងទទួលបានការរស់នៅជាធម្មតាក្នុងប្រក្រតីភាពថ្មីនាពេលសព្វថ្ងៃនេះអញ្ចឹងឯង។
ថ្វីត្បិតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺមានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជានាពេលបច្ចុប្បន្ន អាចគ្រប់គ្រងស្ថានភាពបានល្អ និងបន្តរស់នៅជាមួយវត្តមានវីរុសកូវីដ-១៩ ព្រមទាំងអាចបើកដំណេីរការសង្គម និងសេដ្ឋកិច្ចបានយ៉ាងពេញលេញឡើងវិញ តែយេីងទាំងអស់គ្នាមិនត្រូវភ្លេចខ្លួន និងសូមកុំជឿតាមការផ្សាយព័ត៍មានមិនត្រឹមត្រូវពីវ៉ាក់សាំងកូវីដ-១៩ ឫការបកប្រែមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស និងសេចក្តីណែនាំនានានៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់អង្គការសុខភាពពិភពលោកនាពេលថ្មីៗនេះ។ យេីងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាពនូវការការពារខ្លួនពីជំងឺនានាក្នុងនោះក័មានជំងឺកូវីដ-១៩ ផងដែរ ត្បិតការងារការពារសុខភាព គឺជាការទទួលខុសត្រូវ និងត្រូវមានការចូលរួមពីបុគ្គល ពីក្រុមគ្រួសារ និងពីសហគមន៍ ពិសេសការចូលរួមក្នុងការផ្សព្វផ្សាយនូវព័ត៍មានត្រឹមត្រូវលេីការការពារសុខភាព និងលេីការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការផ្សព្វផ្សាយព័ត៍មានមិនពិត ព័ត៍មានមិនត្រឹមត្រូវ ឫព័ត៍មានប្រឌិត ណាមួយ នឹងអាចនាំមកនូវមហន្តរាយសុខភាពសាធារណ: ដែលយេីងទាំងអស់គ្នាត្រូវតែនាំគ្នាចៀសវាង និងរួមគ្នាបំបាត់នូវទង្វេីអសកម្មបែបនេះ ដេីម្បីសេចក្តីសុខ សន្តិសុខ និងសុវត្ថិភាពសុខភាពសាធារណ: និងការរស់នៅជាប្រក្រតីធម្មតារបស់យេីងទាំងអស់គ្នា៕ដោយ៖សហការី