ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក Bentley មួយគ្រឿងក្នុងល្បឿលឿន និងមិនប្រយ័ត្ន បានបុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាង ដោយបង្កឡេីងកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខាងជេីងស្តុប ជលផលប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេសង្កេតឃេីញរថយន្តម៉ាក BENTLEY CONTINENTAL ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-2222 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់ចំនួន២កង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានដាច់កាឡែនិងបែកកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗគេឃេីញមានបុរសម្នាក់ជាជនជាតិបរទេសបេីកទ្វារថយន្តបង្កចេញមកខាងក្រៅដោយមិនបង្កឱ្យរងរបួសដល់ខ្លួនឯង និងអ្នកដទៃនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ