ភ្នំពេញ : បើយោងតាមសេចក្ដីសម្រួលភារកិច្ចដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់តាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជំនួសវិញ។
សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចសម្រួលភារកិច្ចលោក ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេច :
ប្រការ១ : សម្រួលភារកិច្ច លោកបណ្ឌិត ហ៊ុន ម៉ាណែត ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម និងពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ។
ប្រការ ២ : ចាត់តាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ ។
ប្រការ ៣ : ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម- ខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ និង លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវប្រតិបត្តិតាម សេចក្តីសម្រេចនេះ ៕
ដោយ : សុខ ខេមរា