ខេត្តកោះកុង៖ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាគណៈអធិបតី និងដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់ស្រ្តីបណ្តាញសហគមន៍តំបន់ការពារធម្មជាតិ ដែលជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង និងពង្រឹងតួនាទីស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តកោះកុង។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០១ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ ស្រ្តីសមាជិកសហគមន៍តំបន់ការពារ ធម្មជាតិ បានសិក្សាពីជំនាញក្នុងការនិយាយជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទំនាក់ទំនង (ICT) ។ វគ្គបណ្តុះបណ្តាលបានផ្សារភ្ជាប់ជាមួយទស្សនកិច្ចសិក្សាផ្ទាល់នៅសហគមន៍តំបន់ ការពារធម្មជាតិបឹងកាឆាង ដែលជាសហគមន៍ទទួលបានជ័យលាភី លេខ ១ក្នុងការប្រឡងប្រណាំងអង្គភាពគំរូក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឱ្យបណ្តាញស្រ្តីស្វែងយល់ និងសិក្សាពីបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកាក្នុងសហគមន៍ ដើម្បីយកទៅអនុវត្តនៅក្នុងសហគមន៍របស់ខ្លួនបានកាន់តែប្រសើរ។
វគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សានេះ រៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ក្រោមការសហការជាមួយអង្គការរីខូហ្វប្រចាំកម្ពុជា ដោយមានការចូលរួមពីសមាជិកនៃបណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តចំនួន១៤ និងគណៈកម្មការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិ សរុបប្រមាណ៦០នាក់។
គួររំលឹកផងដែរថា បណ្តាញស្រ្តីសហគមន៍តំបន់ការពារធម្មជាតិត្រូវបានចងក្រងឡើងក្នុងរូបភាពជាក្រុមស្រ្តី ដែលជាទូទៅជួបជុំគ្នាតាមរយៈកិច្ចប្រជុំ សិក្ខាសាលា ឬការបណ្តុះបណ្តាលផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យស្រ្តីសមាជិកសហគមន៍បានចេញមកដកស្រង់បទពិសោធន៍ ផ្លាស់ប្តូរយោបល់ ចែករំលែកពីវឌ្ឍនភាព បញ្ហាកង្វល់ ក៏ដូចជាការស្វែងរកនូវដំណោះស្រាយសមស្របទាក់ទងនឹងការចូលរួមក្នុងសកម្ម ភាពសហគមន៍ និងការងារផ្សេងៗ។ ក្រៅពីការជួបគ្នាផ្ទាល់ សមាជិកនីមួយៗនៅរក្សាទំនាក់ទំនងដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបតាមប្រព័ន្ធបណ្តាញសង្គម ដូចជា តេឡេក្រាម, messenger, ហ្វេសប៊ុក ដើម្បីធ្វើការទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមករវាងសមាជិកស្រ្តីក្នុងសហគមន៍នីមួយៗ៕ដោយ៖សហការី