បាតុកម្មជាច្រើនបានកើតឡើងនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដូចជាពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងការបង្កើនអាយុចូលនិវត្តន៍, បាតុកម្មនៅអាល្លឺម៉ង់ អេស្ប៉ាញប្រឆាំងតម្លៃទំនិញឡើងផ្លៃ។ ចំណែកនៅព័រទុយហ្គាល់បាតុកម្មប្រឆាំងថ្លៃផ្ទះឈ្នួលឡើងថ្លៃវិញម្តង។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា មានមនុស្សរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវក្នុងទីក្រុងលីស្បោន (Lisbon) និងទីក្រុងជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ដើម្បីបង្ហាញការមិនពេញចិត្តនិងតវ៉ាចំពោះការឡើងថ្លៃតម្លៃជួលផ្ទះ ចំពេលដែលអតិផរណាកំពុងកើនឡើងក្នុងតំបន់អឺរ៉ុប។
នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុងលីស្បោន បាតុករម្នាក់ឈ្មោះ រីតា ស៊ីលវ៉ា (Rita Silva) បានលើកឡើងដូច្នេះថា «នេះគឺជាវិបត្តិផ្ទះសម្បែងដ៏ធ្ងន់ធ្ងរមួយក្នុងពេលសព្វថ្ងៃ ហើយនេះគឺជាភាពអាសន្នសង្គមមួយ»។
គួរបញ្ជាក់ថា ព័រទុយហ្កាល់គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អឺរ៉ុបខាងលិច ដោយទិន្នន័យកាលពីឆ្នាំ២០២២ របស់រដ្ឋាភិបាលបានបង្ហាញថា ពលករច្រើនជាង ៥០ភាគរយអាចរកចំណូលបានតិចជាង ១,០០០អឺរ៉ូ ឬស្មើនឹងជាង ១,០៨៤ដុល្លារក្នុងមួយខែ ខណៈដែលប្រាក់ខែអប្បបរមាប្រចំាខែគឺ ៧៦០អឺរ៉ូ។ ប៉ុន្តែ តម្លៃជួលឬលក់ផ្ទះវិញបានឡើងថ្លៃខ្ពស់កប់ពពក ជាពិសេសនៅក្នុងទីក្រុងលីស្បោន។ តួយ៉ាងកាលពីឆ្នាំ២០២២ តម្លៃជួល និងលក់ផ្ទះបានកើនឡើង៣៧ភាគរយ ពោលគឺខ្ពស់ជាងទីក្រុងបាស់សេឡូណា ឬទីក្រុងប៉ារីសទៅទៀត៕ ដោយធីរីណា
រូបថត : Reuters