ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត។
មានប្រសាសន៍នៅក្នុងពិធីបិទកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការចូលរួមអបអរសាទរ និងសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែក ដែលបានខិតខំប្រែងប្រែងយកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលា បំពេញការងារដោយមិនគិតពីការនឿយហត់ អនុវត្តតួនាទីភារកិច្ចប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឱ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២២កន្លងទៅរបស់ខេត្ត។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្តថា បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរិតរបស់ពួកប្រឆាំង ក្នុងការបំផុសបំផុលចលនាក្នុងចេតនានាំឱ្យមានចលាចលក្នុងសង្គម រួមជាមួយនឹងការកើតមានឡើងនូវបទល្មើសផ្សេងៗ ក៏កងកម្លាំងនគរបាលយើងនៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបន្តទៀតថា តាមរយៈអង្គសន្និបាតរយ:ពេល១ថ្ងៃដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទគន្លឹះមួយចំនួន ពីសំណាក់កងកម្លាំងពាក់ព័ន្ធផងនោះពិតជាបានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងខេត្តស្វាយរៀង និងការអនុវត្តទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសំណាក់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកាន់តែមានប្រសិទ្ធភាពថែមទៀត ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសង្កត់ធ្ងន់ថា គ្រប់មន្ត្រីត្រូវស្វែងរកចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនឱ្យឃើញដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួនទៅថ្ងៃក្រោយ។ ដោយឡែកនៅខេត្តស្វាយរៀងឆ្នាំនេះគឺយើងនឹងមានកម្មវិធីបុណ្យ និងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីសង្ក្រាន្តស្វាយរៀង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ដូច្នេះសូមឱ្យកងកម្លាំងនគរបាលរបស់យើងត្រូវរៀបចំឱ្យបានស្រេចបាច់ជាមុននូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រឹត្តិការណ៍ទាំងនេះឱ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ។
នៅក្នុងពិធីនេះផងដែរ លោកឧត្តមសេនីយ៍ឯកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕ដោយ៖សហការី