ខេត្តកំពត៖ លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងនគរបាល
ទទួលផែនព្រហ្មទណ្ឌ ខេត្តកំពត បានឱ្យដឹងថា មានករណីចោរផ្លោះរបងផ្ទះ ចូលគាស់ទូដែកយកមាសប្រាក់សរុបប្រហែល ជាង១ម៉ឺនដុល្លារអាមេរិក។
ករណីខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ ជនរងគ្រោះឈ្មោះ គង់ ហៀង ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ជា ថេត ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៣១ ក្នុងភូមិឈើទាល ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស។
លោកស្នងការរងរូបនេះ បានបន្ថែមថា ក្រោយកេីតហេតុភ្លាមៗ លោកបានដឹកនាំកម្លាំងជំនាញ រួមជាមួយនគរបាលការិយាល័យបច្ចេកទេស និងកម្លាំងនគរបាលស្រុកបន្ទាយមាស បានទៅធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ និងពិនិត្យកន្លែងដែលក្រុមចោរយកដើមគឡើងតាមរបងក្រោយផ្ទះ រួចចូលបន្តតាមទ្វារផ្ទះពីក្រោយ ។ ហេីយក្រុមចោរចូលទៅក្នុងបន្ទប់ ដោយប្រេីកាំបិត និងដែកចបត្រសេះ មកពុះទូដែកបំបែក រួចយកលុយ និងមាសហើយរត់ចេញតាមផ្លូវក្រោយ ទៅឡើងរថយន្ត ជិះតាមផ្លូវជាតិលេខ៣១ ឆ្ពោះទៅទិសខាងជើងបាត់ទៅ។
ជុំវិញករណីខាងលេីនេះ ស្ត្រីឈ្មោះ ចាន់ នី ជាកូនម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃកេីតហេតុ ម្ដាយគាត់បានទៅលេងផ្ទះគាត់នៅផ្សារតន់ហន់ ក្នុងស្រុកកំពង់ត្រាច រីឯឪពុកជាប់រវល់ទៅកាត់ប្លង់ដីនៅសាលាស្រុកបន្ទាយមាស ។ ហើយចំពោះទ្រព្យសម្បត្តិដែលក្រុមចោរគាស់ទូដែកលួចយកទៅនោះ តាមការប៉ាន់ស្មាន គឺមាស១តម្លឹង៩ជី និងលុយខ្មែរ១៦លានរៀល ព្រមទាំងលុយដុល្លារ៤ពាន់ដុល្លារទៀត ដែលសរុបប្រហែលជាង១ម៉ឺនដុល្លារ ។
ដោយឡែកស្ត្រីម្នាក់ឈ្មោះ ធី ដែលជាអ្នកជិតខាង ក៏បានឱ្យដឹងដែរថា គាត់ឃើញមនុស្ស២នាក់ដើរសសៀរក្បែររបងផ្ទះគាត់សំដៅទៅក្រោយផ្ទះជនរងគ្រោះ ។ លុះប្រមាណជិត១ម៉ោងក្រោយមក ក៏ឃើញមនុស្សប្រុស៣នាក់រត់តាមក្រោយផ្ទះគាត់ រួចទៅឡើងជិះរថយន្តដែលចតចាំនៅលើផ្លូវជាតិ ។ ពេលនោះរូបគាត់ និងអ្នកផ្ទះដែលឃើញមនុស្សប្រុស៣នាក់នោះរត់ ក៏ឆ្ងល់ដែរ តែសង្ស័យថាប្រហែលគេដេញចាប់អ្នកជក់គ្រឿងញៀន ឬក៏គេដើរដាក់ថ្នាំចាប់កុក ទើបមិនបានចាប់អារម្មណ៍ពីរឿងចោរកម្ម។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្រុមចោរទាំងនោះ ដេីម្បីកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់៕ដោយ៖សហការី