ក្រសួងពាណិជ្ជកម្មនឹងរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃនំបញ្ចុកចុះបញ្ជីម៉ាកសមូហភាព

ចែករំលែក៖

ខេត្តសៀមរាប÷ នំបញ្ចុកសៀមរាបដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាល ខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។

លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបាន មានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនេះ មានសារៈសំខាន់ណាស់ ទី១គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយនិងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប ពីព្រោះថា កន្លងមកនេះប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។  ដូចនេះហើយបានជាពេលនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវករ ផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋានដើម្បីចងក្រងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាបមួយ ថាគេប្រើគ្រឿងផ្សំអ្វីខ្លះបានធ្វើឱ្យនំបញ្ចុកសៀមរាបមានរសជាតិឆ្ងាញ់ពិសេសជាងគេ ហើយការចងក្រងនេះអាចទុកប្រើប្រាស់ជារួម និងរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការចុះបញ្ជីម៉ាកសមូភាពនេះ ក៏អាចទាក់ ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។

លោក ហូ ស៊ីវយ៉ុង រំពឹងថា នៅថ្ងៃអនាគត នឹងមានការជំរុញឱ្យមានការវេចខ្ចប់ នំបញ្ចុកក្រៀមសម្រាប់ការនាំចេញផងដែរ។ ការលើកឡើងរបស់លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មបែបនេះបានធ្វើឡើងនៅក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិតនិងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។

លោកសួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានឱ្យដឹងដែរថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផលនាំចេញដូចមានចែងនៅក្នុងយុទ្ធសាស្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបង្កើនល្បឿនចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះ “នំបញ្ចុកសៀមរាប” ក៏ត្រូវបានកំណត់ជាផលិតផលសក្តានុពលត្រូវចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត-កែប” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ក្រូចថ្លុងកោះពីរ” និង “ដូងខ្ទិះបាត់ដំបង” នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោកដែលកម្ពុជាជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពលចំនួន៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបានចុះបញ្ជីម៉ាកសមូហភាពចំនួន៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះ វិហារ”៕ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print