ភ្នំពេញ : សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរទិវាជាតិលេីកកម្ពស់ការប្រេីប្រាស់ផលិតផលខ្មែរ លេីកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ” រួមគ្នាទិញផលិតខ្មែរ គឺបង្កេីតការងារជូនពលរដ្ឋខ្មែរ”។
សារលិខិតសម្តេចតេជោ បានបញ្ជាក់ថា, ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយដែលបានផ្ញើសារចូលរួម អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ
“រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ដែលគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបានរួមសហការគ្ន រៀបចំទិវាជាតិនេះឡើងវិញបន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងដោយ ជោគជ័យ រហូតឈានដល់ការបើកប្រទេស និងសេដ្ឋកិច្ចលើគ្រប់វិស័យ ដើម្បីស្តារឡើងវិញនូវផលប៉ះពាល់ ផ្នែកសង្គមសេដ្ឋកិច្ច ជំរុញឱ្យមានកំណើនជាថ្មីបម្រើឱ្យការធានាជីវភាពរស់នៅតាមគន្លងប្រក្រតីភាពថ្មីរបស់ ប្រជាពលរដ្ឋ។ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំ ដើម្បីផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាផលិត កែច្នៃ ប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្ល ថែមទៀត ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រគន្លឹះៗជាច្រើន សំដៅលើកកម្ពស់ សុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។ ជាលទ្ធផលសូចនាករសង្គមជាច្រើន មានវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ជាមួយនឹងសុខភាពសេដ្ឋកិច្ចប្រកបដោយថាមពល។ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលដៅ របស់ខ្លួនដោយមិនរាថយ គឺមានមហិច្ឆតានាំព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
ជនរួមជាតិទាំងអស់ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ !
ពេលវេលាប្រមាណសាមសិបឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយ ដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្គ្រាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឺ ប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេស រហូតឈានដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមបានទាំងស្រុង ក្រោម” នយោបាយ ឈ្នះ ឈ្នះ “ ដែលនាំប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ សន្តិភាព និងការអភិវឌ្ឍ គឺជាចំណងទំនាក់ទំនងគ្នាដែលមិនអាចកាត់ផ្តាច់បាន។ ដូច្នេះយើងត្រូវរួមគ្នា បន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហការគ្នាជំរុញល្បឿននៃការអភិវឌ្ឍ ដោយទាញយកសក្ដានុពល សន្តិភាពនេះឱ្យបានអស់លទ្ធភាព។
រាជរដ្ឋាភិបាលសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក និងគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង២៥ ដែលបានសហការគ្នាយ៉ាងប្រទាក់ក្រឡា ក្នុងការលើកកម្ពស់ផលិតផលខ្មែរ និងដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនក្នុងវិស័យផលិតកម្ម និង សេវាកម្ម។ ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ កម្ពុជាបានក្លាយទៅជាប្រទេសផលិតផលិតផលសម្រាប់ខ្លួនឯងផងនិងសម្រាប់ការនាំចេញផង ដែលកត្តាទាំងនេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវកសាងមូលដ្ឋានចាំបាច់ជាច្រើនបន្ថែមទៀត ទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ទាំងធនធានមនុស្ស និងទាំងថ្នាលបច្ចេកទេសនានា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍក្នុងសម័យ សាកលភាវូបនីយកម្ម។
ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ដែលត្រូវរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលសូមអបអរសាទរយ៉ាងក្លៀវក្លា និងអំពាវនាវ ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ត្រូវខិតខំបន្តជំរុញការផលិត ការកែច្នៃ ឱ្យអស់លទ្ធភាពនូវធនធានសក្ដានុពលទាំងឡាយ តាមមូលដ្ឋាន ការស្វែងរកទីផ្សារជូនផលិតករយើងឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ និងសូមឱ្យព្រឹត្តិការណ៍នេះក្លាយជាសំឡេងស្គរទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់រូបឱ្យខិតខំផលិត និងប្រើប្រាស់ផលិតផលខ្មែរហើយអ្នកផលិតគ្រប់រូបត្រូវខិតខំកែលម្អគុណភាព ផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ ក្រោមប្រធានបទ
“រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ” ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោមនេះ ៖
ទីមួយ- ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។
ទីពីរ – គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និង ការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។
ទីបី គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។
ទីបួន- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួន ទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការ របស់ទីផ្សារ។
ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និង ទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន ក្រោមស្មារតី “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើត ការងារជូនពលរដ្ឋខ្មែរ” និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយ និងគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ។
ជាទីបញ្ចប់ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៦ ឆ្នាំ២០២៣ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរដល់សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី បងប្អូន ជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរនិងពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ : សិលា