ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ អាជីវករចិញ្ចឹមត្រីឈ្មោះ ង្វៀង យ៉ាំងអាយ បានឱ្យដឹងថា ត្រីចិញ្ចឹមតាមបែនៅក្នុងទន្លេនាភូមិចុងកោះ សង្កាត់ខ្សាមក្រុង-ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៤ ខែមេសា បានចាប់ផ្តើមងាប់ដោយសារស្ថានភាពក្តៅខ្លាំង។ ត្រីដែលងាប់មានដូចជាប្រភេទត្រីខ្យា,ត្រីពោ,ត្រីសណ្តាយ,ត្រីឆ្ពិន,ត្រីព្រលូង…។ មូលហេតុដែលបណ្ដាឲ្យត្រីងាប់យ៉ាងនេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេបានបង្កឱ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឱ្យត្រីទាំងអស់ងាប់។ បរិមាណត្រីងាប់ខាងលើនេះចន្លោះពី១តោនដល់៦តោនក្នុង១បែៗ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ត្រីដែលចិញ្ចឹមតាមបែងាប់ពីរ,បីថ្ងៃមកហើយ ដោយសារភ្លៀងមួយមេមកគួបផ្សំនិងក្តៅខ្លាំងធ្វើឱ្យត្រីតាមបែរនីមួយៗងាប់អស់ច្រើនប្រមាណ១០ ភាគរយទៅ២០ភាគរយហើយបែត្រីនោះលោកមិនបានដឹងថាមានប៉ុន្មានទេ។ ពេលនេះកំពុងឱ្យខាងសង្កាត់ជលផលកំពង់ឆ្នាំងចុះស្រង់ចំនួនបែចិញ្ចឹមត្រីផងដែរ ។
រហូតមកដល់រសៀលថ្ងៃទី៥ខែមេសាឆ្នាំ២០២៣នេះស្ថានភាពបានល្អប្រសើរឡើងវិញហើយ ដោយសារម្ចាស់បែចិញ្ចឹមត្រីបាននាំគ្នាសណ្តោងបែត្រីដោយអូសទៅមកៗខ្លះបញ្ឆេះម៉ាស៊ីនដាក់ទុយយោបាញ់ខ្យល់ទីក្នុងបែរដើម្បីឱ្យទឹកមានអុកស៊ីសែនឡើងវិញសម្រាប់ត្រី ។
ក្រុមអាជីវកចិញ្ចឹមត្រីសំណូមពដល់អភិបាលខេត្តនិងផ្នែកវារីវប្បករនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងសុំឱ្យមន្ត្រីជំនាញជួយរកវីធីសាស្ត្រដោះ ស្រាយផង។ ជាពិសេសសុំឱ្យរដ្ឋបាលខេត្តអនុញ្ញាតឱ្យបម្លាស់បែទៅចំណុចភូមិកំពង់អុស ព្រោះទីនោះទឹកជ្រៅអាចបន្ថយអត្រាត្រីងាប់ច្រើនពេកព្រោះទីនោះទឹកជ្រៅ៕