ខេត្តប៉ៃលិន÷ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនតំបន់ប្រតិបត្តិ ការសឹករងប៉ៃលិន យោធភូមិភាគទី៥ កងទ័ពជើងគោក នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
ពិធីនេះក៏មានការ ចូលរួមមន្រ្តីយោធាជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តប៉ៃលិនដែលដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ និងមន្រ្តីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការទទួលបាន នូវសមិទ្ធផលជាច្រើនរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយសម្រួលការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។
នាយឧត្តមសេនីយ៍ ក៏បានសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលបានខិតខំពុះពារបំពេញភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូល, ការកសាងអង្គភាព, ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ, ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វសំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែនាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕ដ,ស សារ៉េត