ខេត្តកំពត ត្រូវ​បាន​ប្រកាសជាខេត្តអស់មីនទី១២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន

ចែករំលែក៖

ខេត្តកំពត÷ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១៤៤៣ នាក់ ។ សមិទ្ធិផលនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាព ក្រោមនយោ បាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហការរបស់ គណៈអភិបាលខេត្តកំពត ជាពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន(ម៉ាពូ) សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ % ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។ 

ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print