ខេត្តតាកែវ ៖ នៅថ្ងៃ ព្រហស្បតិ៍ ១រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង ០០ នាទីទាបភ្លឺ មានករណីអំពើលួច (លួចរថយន្ត) កើតឡើងនៅត្រង់ចំណុចភូមិ តានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លុន វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពចូលលួចរថយន្ត បែនធុនធំ ម៉ាក NISSAN DUMP ពណ៌បៃតងខ្ចី សេរីឆ្នាំ ២០០០ ពាក់ផ្លាក លេខ ចង្កូតស្តាំ KPS-8388 របស់ជនរងគ្រោះឈ្មោះ ហួ វូចង៉ែត ភេទ ស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិតានប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
ក្រោយលួចបានជនសង្ស័យបើករថយន្តគេចខ្លួន ដល់ចំណុចភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ ក៏ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយ ។ ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៩ និង ០០ នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង និងកម្លាំងប្រជាការពារ ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លុន វណ្ណា នៅត្រង់ចំណុចក្នុងព្រៃស្ថិតនៅភូមិ បឹងកន្រ្ទន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាង សំណុំរឿងតាមនីតិវិធី ។
ដោយមានបញ្ជាពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ យើងបានប្រគល់រថយន្តបែនធុនធំ ឱ្យទៅជនរងគ្រោះដើម្បីយកទៅប្រើប្រាស់វិញ៕
ដោយ ៖ សហការី