ភ្នំពេញ : គិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កែប រតនគិរី កំពង់ចាម ត្បូងឃ្មុំ តាកែវ និងរាជធានីភ្នំពេញ បានបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយបានចុះអនុវត្តការងារគូសគំនូសចែកទ្រូងផ្លូវ គំនូសសញ្ញាចរាចរណ៍ ដាំបង្គោលសញ្ញាចរាចរណ៍ លាបថ្នាំបង្គោលគីឡូម៉ែត្រ ប៉ះចិញ្ចើមផ្លូវ លុបសំបុកមាន់ សាងសង់ និងស្តារប្រព័ន្ធលូ/ប្រឡាយ អ៊ុតកៅស៊ូបន្ថែម (Reseal) ព្រមទាំងកៀរបង្ហាប់លើកំណាត់ផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៥ លេខ៥៧B លេខ៥៧B២ លេខ៥៦D លេខ៥៨ លេខ៥៩ លេខ៩ លេខ៦២ លេខ៩៤ លេខ៣៣A លេខ៧៦ លេខ៧៨-៥ លេខ៦ លេខ៧ លេខ៦០ លេខ៦១ លេខ៧០ លេខ៧១ លេខ៧២ លេខ៧៣ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។ នេះជាការបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
ទន្ទឹមនឹងការដែលមានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រសិនបើផ្លូវថ្នល់មានបញ្ហាខូចខាត ក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) តម្លើងក្នុងទូរសព្ទដៃ និងធ្វើការរាយការណ៍ ដើម្បីក្រសួងអាចចាត់ក្រុមការងារបច្ចេកទេសចុះទៅជួសជុល ថែទាំបានទាន់ពេលវេលា៕
ដោយ : សហការី