ភ្នំពេញ : ក្រសួងសុខាភិបាលបញ្ជាក់ថា, នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាព ពិភពលោក (WHO) បានបង្ហាញសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើនដែលសម្រេចបាននៅ កម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ក្រោម ប្រធានបទ “សុខភាពសម្រាប់ទាំងអស់គ្នា” និងជាការចាប់ផ្ដើមយុទ្ធនាការរយៈពេលពេញមួយឆ្នាំប្រារព្ធពិធីអបអរសាទរ។
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសុខភាពពិភពលោកនាឆ្នាំ១៩៥០ ដែលកាលនោះប្រទេសកម្ពុជាគឺ ជាសមាជិកសហភាពបារាំង ហើយចាប់តាំងពីពេលនោះរហូតមក អង្គការសុខភាពពិភពលោក បានក្លាយជាដៃគូសុខា ភិបាលរបស់កម្ពុជា ដោយធ្វើការងារដើម្បីរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសកាន់តែមានសុវត្ថិភាព និង សុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផល ធំធេងលើគ្រប់វិស័យ ជាពិសេស ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅ លើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់។ល។ សូមសម្ដែងនូវការអបអរសាទរ នាឱកាសគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO)។
ព្រះរាជាណាចក្រកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការ ជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែកធ្វើឱ្យប្រជាជន កម្ពុជាកាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ”។
ព្រះរាជាណាចក្រកម្ពុជា “ក្នុងនាមជារដ្ឋសមាជិកដ៏សកម្មរបស់អង្គការសុខភាពពិភពលោក កម្ពុជាប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការលើកកម្ពស់ និងគាំពារសុខភាពសាធារណៈ និងសមធម៌សុខាភិបាលនៅក្នុងប្រទេស ក៏ដូចជានៅ ជុំវិញពិភពលោក ហើយយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែល ”យើងគឺជាអង្គការ WHO”។
ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងរយពេលប៉ុន្មានទសវត្ស កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជនកាន់ត្រប្រើសើរឡើង ។ អាយុតែង រស់បានកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុតែងរស់ប្រឹងដល់ជាង៧០ឆ្នាំ ម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្ន ស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ ដែល ជាតួលេខមួយកើនឡើងបើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រីបីនាក់ ប៉ុណ្ណោះដែលសម្រាល កូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ អត្រានេះរាប់បញ្ចូលទាំង ការថយចុះជាង ៥០%នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿនជាងចំនួនមធ្យម ភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុន កាលបរិច្ឆេទកំណត់។
ប្រទេសកម្ពុជាបានលុបបំបាត់ជំងឺស្វិតដៃជើងដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្កា ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ ចំនួនករណីរាយការណ៍នៃជំងឺ គ្រុនចាញ់ដោយ : falciparum គឺមានកម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើងរយៈពេល ប្រាំឆ្នាំចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់ចុងក្រោយ នៅឆ្នាំ២០១៨។ អត្រាឆ្លង និង អត្រាមរណភាពដោយជំងឺរបេងបានថយចុះប្រមាណ ៥០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជាសម្រេច បាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រៀមលក្ខណៈបានយ៉ាងមានប្រសិទ្ធភាព និងបានឆ្លើយតប ទៅនឹងការគំរាមកំហែងសន្តិសុខសុខភាពនិងគ្រាអាសន្ន ជាពិសេស គឺជំងឺរាតត្បាតសកលកូវីដ-១៩ តាមរយៈការពង្រឹង ប្រព័ន្ធអង្គេត តាមដាន និងប្រព័ន្ធឆ្លើយតប សមត្ថភាពមន្ទីរពិសោធន៍ និងវិធានការសុខភាពសាធារណៈ និងសង្គម។ កាន់តែពិសេសជាងនេះ កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្ដល់ជំនួយគាំពារសុខភាពផ្លូវចិត្ត និងចិត្ត-សង្គម ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និងវិបត្តិកើតឡើង។
លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “នាឱកាស ទិវាសុខភាពពិភពលោកនេះ យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុង ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្នុងការដឹកនាំឆ្ពោះទៅសម្រេចនូវគោលដៅ “សុខភាព សម្រាប់ទាំងអស់គ្នា”។ អង្គការសុខភាពពិភពលោកពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋា ភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវភាពជោគជ័យនេះ”។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ : សិលា