ភ្នំពេញ : ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹង ដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងតាម សេចក្តីជូនដំណឹងលេខ០៨៦ស.នប ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ស្ដីពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ឆ្នាំ២០២៣ ឱ្យបានជ្រាបថា កាលបរិច្ឆេទប្រឡងប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០នាទី ដោយកំណត់យកមណ្ឌលប្រឡងចំនួន៣ ដូចខាងក្រោម៖
១. មណ្ឌលប្រឡងវិទ្យាល័យ ឥន្ទ្រទេវី៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេស មន្ទីរពិសោធន៍មធ្យម ។
២. មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក
សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង ៖ បរិញ្ញាបត្រឆ្មប បរិញ្ញាបត្រគិលានុបដ្ឋាក និងបរិញ្ញាបត្ររងគិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ។
៣. មណ្ឌលប្រឡងសាលាបឋមសិក្សាសន្ធរម៉ុក សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង ៖ បរិញ្ញាបត្ររងធ្មប (ឆ្មបមធ្យម)។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅមើលឈ្មោះ និងលេខបន្ទប់ នៅតាមមណ្ឌល ប្រឡងរបស់ខ្លួននីមួយៗ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឬ ចូលមើលក្នុងផេកហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងក្រសួងសុខាភិបាល ។
បញ្ជាក់៖ វិញ្ញាសាប្រឡងប្រជែង នឹងធ្វើជាសំណួរដែលមានចម្លើយជ្រើសរើសច្រើន(MCQ) រយៈពេល ៦០នាទី ។ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងនីមួយៗ យ៉ាងយូរត្រឹមម៉ោង ១៤:០០នាទី ជាកំហិត ៕
ដោយ : សិលា