សេចក្តីណែនាំក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្នុងឱ្យកាស ចូលឆ្នាំប្រពៃណីយជាតិខ្មែរខាងមុខនេះ បងប្អូនប្រជាពលរដ្ឋទូទៅ នឹងមានការធ្វើដំណើរ ដើរលេងកំសាន្ត ព្រមទាំងអាចមានការ ជួបជុំគ្នាច្រើនផងដែរ។ ដើម្បីការពារឱ្យមានសុវត្ថិភាព និងសុខភាពល្អ ក្រសួង សូមធ្វើការក្រើនរំលឹកដូចតទៅ៖

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈៀសវៃរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពឆ្លងរាលដាលនៃវីរុសកូវីដ-១៩. បានល្អប្រសើរ ហើយ ប្រជាជនកម្ពុជាបាន និងកំពុងរៀនរស់នៅជាធម្មតាតាមគន្លងប្រក្រតីភាពថ្មី ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ នៅក្នុងបរិបទនៃការ ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាពសាធារណៈ និងលើសេដ្ឋកិច្ច-សង្គម ឱ្យបានជា អតិបរមា ព្រមទាំងបន្តរក្សានិរន្តភាពនៃការរស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីនេះ ឱ្យបានយូរអង្វែង រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។ បើទោះជាយ៉ាងនេះក្តី ក៏យើងមិនត្រូវភ្លេចខ្លួន ដោយបន្តការការពារខ្លួន ជ្រើសរើសវិធាន ការការពារ “៣ការពារ និង៣កុំ” អនុវត្តទៅតាមការជាក់ស្ដែង និងទៅតាមការវាយតម្លៃនៃស្ថានភាព ហើយត្រូវប្រាកដថា លោកអ្នក បានចាក់វ៉ាក់សាំងកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល បានត្រឹមត្រូវទាំងដួសមូលដ្ឋាន និងដូសជំរុញ។

ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការទិញទំនិញ និងការចរាចរនូវបសុ បក្សីជាច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្ស បានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការការពារបានត្រឹមត្រូវទេនោះ។ ទន្ទឹមនេះ នឹងអាចមានការជួបជុំពិសារអាហារ ជុំគ្នា ច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមាន ឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរ។ ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្ន ខ្ពស់ ដោយបុគ្គលម្នាក់ៗត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការ ចម្លងវីរុសកូវីដ-១៩ ការពារជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ឬ ពុលស្រាស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ដោយអនុវត្តវិធានការសំខាន់ៗមានដូចខាងក្រោម៖

អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩  ដោយជ្រើសរើសយកវិធានការ

“៣ការពារ និង៣កុំ” មកអនុវត្តទៅតាមស្ថានភាពជាក់ស្តែង ប្រសិនមានការសង្ស័យត្រូវប្រញាប់ធ្វើលើតេស្តដោយខ្លួនឯង និងត្រូវនៅដាច់ដោយឡែក រក្សាសុខភាពនិងព្យាបាល ប្រសិនបើមានវិជ្ជមានវីរុសកូវីដ-១៩ ដើម្បីចូលរួមការពារការ ចម្លងទៅសមាជិកគ្រួសារ និងទៅអ្នកដទៃ ហើយត្រូវរាយការណ៍ជូនអាជ្ញាធរសុខាភិបាលដែលនៅជិតលោកអ្នក។ បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីពង្រឹង រក្សាកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍រឹងមាំ ដើម្បីបន្តចៀសផុតការផ្ទុះឡើងវិញនូវការរាតត្បាតវីរុសកូវីដ-១៩ ចៀសវាងពីគ្រោះមហន្តរាយសុខភាពសាធារណៈធ្ងន់ធ្ងរ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី បានយូរអង្វែង។

ត្រូវខ្ចប់ម៉ាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស់ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុង សម្រាប់បិទជិត និងត្រូវធ្វើដំណើរត្រឡប់មកគេហដ្ឋានវិញភ្លាម បើមានរោគសញ្ញាដូចជាមានគ្រុនក្តៅ ក្អក ឈឺក្បាល ហូរ សំបោរ ឈឺបំពង់ក ឬពិបាកដកដង្ហើម ជាដើម ហើយទៅស្វែងរកការពិនិត្យពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យរដ្ឋ ត្រូវជៀសវាង ការខាកស្តោះ ឬបន្ទោរបង់ ពាសវាលពាសកាល។

ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ ឬបោចសំអាតសត្វ បសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងចំណីអាហារ ដែលមានសុវត្ថិភាពល្អ ព្រមទាំងលាងសម្អាតដៃមុនពេល និងក្រោយពេលបរិភោគអាហារ ឬក្រោយការបន្ទោរបង់។

ត្រូវជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទី ផ្សារបសុបក្សីរស់ ឬប៉ះពាល់ផ្ទាល់សត្វបសុបក្សីស្លាប់ដោយមិនដឹងមូលហេតុ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយ ផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀត។ ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបសុបក្សីរស់ ឬសម្ភារៈនានា ជាពិសេស ត្រូវចេះត្រៀមលក្ខណៈ ទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើននៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃតែមួយជាដើម។

ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អជាពិសេសសាច់ ឬសត្វស្លាប ស៊ុត និងអាហារសមុទ្រ ជាដើម។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះ មានអនាម័យល្អ និងមានសុវត្ថិភាពសម្រាប់ការបរិភោគ។

ត្រូវរក្សាទុកដាក់អាហារឆៅ និងឆ្អិន នៅដាច់ដោយឡែកពីគ្នាជាចាំបាច់ និងត្រូវទុកដាក់ចំណីអាហារនៅក្នុងសីតុណ្ហ ភាពមានសុវត្ថិភាព (ត្រជាក់តិចជាង ៥អង្សាសេ និងក្តៅលើសពី ៦០អង្សាសេ) ឬចម្អិនអាហារមួយពេលសម្រាប់តែមួយ ពេល ដោយមិនទុកអាហារសសសល់យូរ ដែលអាចផ្តួម ឬមានដុះផ្សិត ដែលបង្កឱ្យមានរាករូស ឈឺពោះ ក្អួតជាដើម។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅ ដែលល្អត្រឹមត្រូវ។

បើសង្ស័យថាមានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាស ក្អក និង ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខ ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះលោកអ្នក។

អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះ ជាដើម បើមិនមានការចាំបាច់បំផុតទេនោះ មិនគួរធ្វើដំណើរ ឬចូលរួមការជួបជុំធំៗ តែបើចៀសមិនបាន ចាំបាច់ត្រូវតែមានការ អនុវត្តន៍កិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមានអ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំង អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។

អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារខាងលើ ជាពិសេស៖

នៅតាមកសិដ្ឋាន ទីផ្សារលក់បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្រូវធានការការពារឱ្យបានបត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្តាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។

នៅមូលដ្ឋានរបស់ខ្លួន ត្រូវចាត់ចែងការត្រួតពិនិត្យ ចំពោះ វិធានការណ៍ “៣ការពារ ៣កុំ និងវិធានការសុវត្ថិភាព ចំណីអាហារ ត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តន៍តាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ សូម ចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលយើងមិន បានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

ចូលរួមអនុវត្តវិធានការការពារខ្លួនពីកំដៅក្ដៅខ្លាំង តាមសេចក្ដីការណែនាំរបស់ក្រសួងដែលនឹងចេញផ្សាយដាច់ដោយឡែកមួយទៀតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ។

ចៀសវាងការប្រើគ្រឿងស្រវឹងនៅពេលបើកបរ និងចូលរួមរក្សាសុវត្ថិភាពចរាចរ ចៀសវាងគ្រោះថ្នាក់ចរាចរ ដោយកុំបើកបរលឿនពេក ពាក់ក្រវ៉ាត់ ឬពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរ។ ចៀសវាងការប្រើប្រាស់គ្រឿងញៀនបំផ្លាញសុខភាព និងអនាគតរបស់ខ្លួន។

ក្រសួងសុខាភិបាលសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅ អនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារសុខ ភាពលោកអ្នក និងក្រុមគ្រួសារ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវសុខភាពល្អ ជៀសផុតនូវជំងឺកូវីដ-១៩ និងជំងឺដង្កាត់ផ្សេងៗ ព្រមទាំងសប្បាយរីករាយនាឱកាសសែនដូនតា និងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ

១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print