មុខសញ្ញាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពលរដ្ឋ ក្នុងស្រុករតនមណ្ឌល០២នាក់ ត្រូវបានឃាត់ខ្លួនហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំង​នគរបាលស្រុក​រតន​មណ្ឌល​ បានស្រាវជ្រាវ​ និងឃាត់ខ្លួន​មុខសញ្ញាចោរលួចខំនួន០២នាក់​ ដែលតែងតែធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពលរដ្ឋក្នុងស្រុក​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ​សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល កាលពីព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨និង០៥នាទី នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ បានទទួលបានពាក្យបណ្ដឹង មានករណីលួច (កាត់ខ្សែភ្លើង) ពីជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ភេទប្រុស អាយុ ៦២ឆ្នាំ​ រស់នៅកន្លែងកេីតហេតុ។ 

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុករតនមណ្ឌល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង ដឹកនាំកម្លាំងដោយលោក​វរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់រសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​​ កម្លាំងជំនាញបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ហេង សុខណេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង (អ្នកលួច) និង២.ឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (អ្នកទិញអេតចាយ)។ 

ករណីខាងលើនេះ​ កម្លាំងនគរបាលស្រុករតនមណ្ឌល បាននាំខ្លួនសង្ស័យទាំង០២នាក់ យកធ្វើការសាកសួរ នៅអធិការដ្ឋានស្រុករតនមណ្ឌល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ព្រឹម ស៊ុន ហើយយកទៅលក់អោយឈ្មោះ បុិន តាំង ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពិតប្រាកដមែន។ វត្ថុតាង​ដកហូត​រួម​មាន​ ខ្សែភ្លើងចំនួន ៧.៥គីឡូក្រាម ។បច្ចុប្បន្ននេះ​ សមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ០២នាក់ មកផែនជំនាញ ដើម្បីអនុវត្តបន្តតាម​នីតិវិធី-ច្បាប់៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print