ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានចុះរៀបចំសណ្តាប់ធ្នាប់ ការឈប់ចតរថយន្ត អាជីវករលក់ដូរនៅមុខផ្សារលើ ចំណតរថយន្តក្រុងរថយន្តតាក់ស៊ីបេនមហោស្រពចាស់ និងល្បាតចល័តនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។
សូមជម្រាបជូនថា លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៩ ខែមេសាម្សិលមិញនេះ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងមន្ទីរសាធារណការខេត្ត បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវគ្រប់ប្រភេទ ជាពិសេសអ្នកដែលប្រកបរបររត់តាក់ស៊ី និងក្រុមហ៊ុនរថយន្តដឹកអ្នកដំណេីរ ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ផ្លូវគោក បេីកបរប្រកបដោយសុវត្ថិភាព នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ នាពេលខាងមុខនេះ នៅបេនឡានមហោស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ មន្រ្តីជំនាញ បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខិតប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក សៀវភៅកំណត់ល្បឿន និងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
បន្ថែមពីនេះ កម្លាំងអន្តរាគមន៍ពិសេស ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ មិនតែប៉ុណ្ណោះកម្លាំងអធិការដ្ឋាននគរបាលតាមបណ្ដាស្រុក-ក្រុង ក្នុងមូលដ្ឋានខេត្ត ក៏បានចុះការពារសណ្តាប់ធ្នាប់សាធារណៈក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីផងដែរ៕ដោយ៖សហការី