ភ្នំពេញ : នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញចុះពិនិត្យអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៧៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥២%។
ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៧០នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕
ដោយ : សិលា