ខេត្តបាត់ដំបង ៖នៅព្រឹកថ្ងៃទី១៨មេសាឆ្នាំ២០២៣នេះ នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មាន ការភ្ញាក់ផ្អើលករណីចោរលួចដឹកគោអ្នកភូមិ២ ក្បាលដោយបន្សល់ទុកស្បែកជើង១គូនៅខាងក្រោយផ្ទះ។ ម្ចាស់គោដែលជាជនរងគ្រោះបានឲ្យសមត្ថកិច្ចពិនិត្យ តែសមត្ថកិច្ចមិនបានយកវត្ថុតាងនោះទៅរក្សាទុកទេ ។ ម្ចាស់គោបានឲ្យដឹងថា គោរបស់គាត់ចំនួន ៣ក្បាលចងនៅខាងក្រោយផ្ទះ ជាមួយនឹងគោជាច្រើនក្បាលទៀតរបស់បងប្អូន តែពួកចោរបានលួចយកតែមេគោគាត់ចំនួន០៣ក្បាល តែចៃដន្យពេលដឹកចេញផុតបន្តិច ១ក្បាលបានរួចត្រឡប់មកវិញ ។
ម្ចាស់គោនិយាយថា នៅវេលាម៉ោង១១យប់ថ្ងៃទី ១៧ មេសា គាត់បានដឹកយកទៅចងនៅក្រោយផ្ទះ ជាមួយហ្វូងគោជាច្រើនក្បាលទៀតរបស់បងប្អូន ដែលជាកន្លែងធ្លាប់ចងរាប់ឆ្នាំកន្លងមកហើយ។ ក្រោយពីចងគោរួចគាត់ក៏ចូលសំរាន្តលក់ភ្លាមៗតែម្ដង សូម្បីឆ្កែព្រូសក៏គាត់មិន ដឹងដែរ ។ លុះព្រឹកឡើងថ្ងៃទី១៨ មេសា ពេលគាត់ងើបពីដំណេកទៅមើលគោក្រោយផ្ទះ ស្រាប់តែបាត់គោគាត់អស់២ក្បាល ខណៈ១ក្បាលទៀត ឃើញបាត់ខ្សែប្រឡៅកដែលទំនងចោរដឹកទៅទាញដាច់ ហើយគោរត់ត្រឡប់ មកវិញ ។
ម្ចាស់គោរូបនេះបញ្ជាក់ថា គាត់និងក្រុមគ្រួសារនាំគ្នាតាម ដានជើងគោដែលចោរលួចយកទៅឃើញស្នាមដានជើងដឹកតាមវាលស្រែខាងក្រោយភូមិ សំដៅឡើងផ្លូវហាយវេដែលឆ្ងាយពីទៅនោះប្រហែល ៣០០ ម៉ែត្រ។ ពេលនាំ គ្នាដើរតាមដានជើងគោ ស្រាប់តែប្អូនគាត់ប្រទះ ឃើញស្បែកជើង០១សំរាប់ ដែលគេសង្ស័យជាស្បែកជើងពួកចោរបានបន្សល់ទុកក្បែររបងខាង ក្រោយផ្ទះ ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗដែរ ។
ក្រោយពីទទូលបានសេចក្ដីរាយការណ៍ពីម្ចាស់គោ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលអូរម៉ាល់ម្នាក់ បានចុះទៅពិនិត្យកន្លែងក្រោលគោ ។ ម្ចាស់គោបានបញ្ជាក់ថា មន្ត្រីប៉ុស្ដិ៍ម្នាក់នោះ គ្រាន់តែសួរនាំបន្តិចបន្តួចធ្វើកំណត់ហេតុ និងពិនិត្យស្បែកជើងដែលគេសង្ស័យជារបស់ចោរបន្សល់ ទុក រួចក៏ចាកចេញបាត់ទៅ តែមិនបានយកវត្ថុតាងស្បែកជើងទៅរក្សាទុកទេ ។
មួយរយៈកន្លងទៅនេះ នៅខេត្តបាត់ដំបង ចោរលួចគោបានកើតឡើងច្រើនករណីហើយ តែសមត្ថកិច្ចហាក់គ្មានវិធានការទប់ស្កាត់ ឬតាមស្រាវជ្រាវបង្ក្រាបបានមួយករណីណាឡើយរហូតដល់ពេលនេះ។ ក្រុមចោរលួចគោនេះមានសកម្មភាពទ្រង់ទ្រាយធំដុំ សុទ្ធតែមានរថយន្តតាមដឹកគោទាំងហ្វូងៗ ។ ក្រុមចោរកំពុងតាមយារយីលួចគោអ្នកភូមិ រហូតអ្នកភូមិមួយចំនួនដែលមានគោដេកព្រូយបារម្ភពីសុវត្ថិភាពគោរបស់ពួកគេ ហើយក៏មានអ្នកខ្លះចាប់ផ្ដើមប្រកាសលក់គោជាបណ្ដើរៗទៀតផង ៕