យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ស្រុកវាលវែង ខេត្តពោធិ៍សាត់“យើងរួមគ្នាបញ្ចប់វិបត្តិនៃការដាក់អន្ទាក់និងការជួញដូរសត្វព្រៃនៅកម្ពុជា”

ចែករំលែក៖

ខេត្តពោធិ៍សាត់÷ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ យុទ្ធនាការអន្ទាក់សូន្យ កំពុងប្រារព្ធធ្វើក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ហើយដែលមានការចូលរួមយ៉ាងច្រើនកុះករពីស្ថាបន័រដ្ឋ វិស័យឯកជន សង្គមស៊ីវិល សិស្សនុសិស្ស្សនិងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបតិ្តអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិនិងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។  អន្ទាក់គឺជាឃាដករលាក់មុខដែលបាននិងកំពុងគំរាមកំហែងសត្វព្រៃនិងជីវៈចម្រុះ និងចូលរួមចំណែកទប់ស្កាត់ហានិភ័យនានាដែលអាចមានផលប៉ះពាល់លើសុខភាពសាធារណៈកើតចេញពីការទំនាក់ទងផ្ទាល់ជាមួយសត្វព្រៃ។ គោលបំណងនៃយុទ្ធនាការអន្ទាក់សូន្យគឺដើម្បីលប់បំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ការបរិភោគសាច់សត្វព្រៃគឺផ្តល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពព្រោះវាសម្បូរដោយមេរោគដែលមិនអាចមើលឃើញដោយភ្នែកទទេរបានទេហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជម្ងឺនានាបានដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួមទាំងអ្នកដោះអន្ទាក់ អ្នករាយការណ៍ពីអន្ទាក់និងការជួញដូរសត្វព្រៃ និងម្ចាស់ភោជនីដ្ឋានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយអន្ទាក់ និងចូលរួមបង្កើតសុវត្ថិភាពទីជម្រកសត្វព្រៃព្តមទាំងការរស់រានមានជីវិតរបស់សត្វព្រៃនៅក្នុងព្រៃ»។ 

មុនយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១  ឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងអង្គការដៃគូរបានដកអន្ទាក់សរុបចំនួនជាង៦ ម៉ឺនអន្ទាក់។ បន្ទាប់ពីយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ក្នុងឆ្នាំ២០២២ ចំនួនអន្ទាក់ប្រមូលបានសរុបពីតំបន់ការពារធម្មជាតិមានការថយចុះមកជាង៣ម៉ឺនអន្ទាក់។ ថ្វីបើចំនួនអន្ទាក់មិនទាន់ចុះដល់សូន្យក៏ដោយប៉ុន្តែវាបានបង្ហាញនិន្នាការថយចុះគួរឲ្យកត់សម្គាល់ និងបង្ហាញថាយុទ្ឋនាការអន្ទាក់សូន្យដើរលើផ្លូវត្រូវ។ អន្ទាក់បានសម្លាប់សត្វព្រៃដោយមិនរើសមុខចាប់តាំងពីអណ្តើក ស្វា បក្សី និងដំរី ។ អន្ទាក់ជាដើមចមដែលធ្វើឱ្យបាត់បង់សត្វខ្លាធំនៅប្រទេសកម្ពុជា និងការថយចុះយ៉ាងលឿននៃចំនួនខ្លារខិន។ សត្វខ្ទីង ទន្សោង ប្រើស និងថនិកសត្វដទៃទៀតកំពុងត្រូវបានទទួលរងការគំរាមកំហែងឱ្យផុតពូជដោយសារតែអន្ទាក់។ សត្វត្មាត ក្ងរយក្សដែលជិតផុតពូជបំផុតក៏កំពុងក្លាយជាសត្វរងគ្រោះដោយសារអន្ទាក់ និងថ្នាំពុលផងដែរ។  អន្ទាក់មិនគ្រាន់តែធ្វើឱ្យសត្វព្រៃវិនាសសាបសូន្យពីក្នុងព្រៃទេ វាថែមទាំងធ្វើឱ្យមានការឆ្លងជម្ងឺពីសត្វព្រៃមកមនុស្សទៀតផង។ អ្នកដែលដាក់អន្ទាក់សត្វ លក់សត្វព្រៃ និងប្រើប្រាស់សត្វព្រៃអាចមានហានិភ័យខ្ពស់ដល់សុខភាពរបស់ខ្លួននិងក្រុមគ្រួសារព្រមទាំងសហគមន៍និងសង្គមជាតិផងដែរ។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ស្រុកវាលវែងគឺជាចំណុចក្តៅមួយទាក់ទងនឹងការជួញដូរសត្វព្រៃ ដែលវាគឺជាកត្តាទាក់ទាញអ្នកបរបាញ់និងអ្នកដាក់អន្ទាក់។ អន្ទាក់មិនត្រឹមតែធ្វើឲ្យគ្មានសត្វព្រៃនៅក្នុងព្រៃប៉ុណ្ណោះទេ វាក៏នាំឲ្យមានការប៉ះពាល់ដោយផ្ទាល់ពីមនុស្សនិងសត្វព្រៃផងដែរ។ កត្តានេះអាចជាឱកាសនៃការចម្លងជម្ងឺពីសត្វទៅមនុស្សបាន។ ការគ្រប់គ្រងសត្វព្រៃ និងសុខភាពសាធារណៈ ចាំបាច់ត្រូវធ្វើដូចគ្នាដើម្បីបង្ការនិងកាត់បន្ថយហានិភ័យនៃការអាចឆ្លងជម្ងឺពីសត្វមកមនុស្ស ក្នុងគោលដៅធានាសុខមាលភាពរបស់មនុស្សនិងធម្មជាតិ»។ 

លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានមានប្រសាសន៍ថា៖ «ការបញ្ឈប់ទំលាប់នៃការដាក់អន្ទាក់ដ៏គ្រោះថ្នាក់នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងចំពោះសត្វព្រៃ ទីជម្រក និងប្រជាជន។ យើងរួមគ្នាការពារជីវៈចម្រុះដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា និងលើកស្ទួយជីវៈភាពសហគមន៍ និងសុខភាពសាធារណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។»

លោក John Willis នាយកប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធមិត្តសត្វព្រៃ បាននិយាយថា៖ «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់។ អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូលដែលទទួលបានតាមរយៈការលក់ឥណទានកាបូនដែលជាការរួមចំនែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ​»។ 

លោក​ អ៊ុំ សូនី នាយកអង្គការអភិរក្សអន្តរជាតិ(CI) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការប្រើប្រាស់ អន្ទាក់ គឺជាការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់សត្វព្រៃនៅកម្ពុជា ជាពិសេសនៅក្នុង តំបន់ជួរភ្នំក្រវាញ ដែលក្នុងមួយឆ្នាំៗ អន្ទាក់ទាំងអស់នោះបានសម្លាប់សត្វព្រៃជាច្រើនយ៉ាងស្ងៀមស្ងាត់។ យើងមិនអាចបណ្តោយឱ្យរឿងនេះបន្តកើតមានឡើងទៀតទេ។ ក្នុងនាមយើងជាបុគ្គលម្នាក់ៗ យើងអាចធ្វើ ការផ្លាស់ប្តូរបានដោយបង្កើនការយល់ដឹង

និងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការដាក់អន្ទាក់លើសត្វព្រៃ ប្រឆាំងការបរិភោគសត្វព្រៃ គាំទ្រកិច្ចខំប្រឹងប្រែងលើការងារអភិរក្សនិងការស្វែងរកមតិគាំទ្រដើម្បីឱ្យមាន ការអនុវត្តច្បាប់តឹងរឹងជាងមុនប្រឆាំងនឹងការប្រព្រឹត្តិអំពើជួញដូរខុសច្បាប់លើសត្វព្រៃទាំងនេះ។​ នេះគឺជា ពេលដែលយើងត្រូវតែចាត់វិធានការ និងការពារសត្វព្រៃដ៏មានតម្លៃរបស់យើង មុនពេលយឺតពេលទៅ ហើយនោះ»។ 

លោក គង់ មុនីច័ន្ទ នាយកអង្គការមូលនិធិម៉ាដក្សចូលីភីត បាននិយាយថា៖ «ការសិក្សាថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅក្នុងតំបន់ព្រៃនានា នៃប្រទេសកម្ពុជាយើង ក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ ការបញ្ឈប់ឲ្យបានទាំងស្រុង នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ ការជួញដូរនិងបរិភោគសត្វព្រៃ គឺជាប្រការដ៏សំខាន់ និងបន្ទាន់ ដើម្បីអភិរក្សសត្វទាំងនោះ។ យុទ្ធនាការអន្ទាក់សូន្យ គឺជាឱកាសដ៏ប្រសើរ និងទាន់ពេលវេលា ក្នុងការជួយប្តូរទស្សនៈទាន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង»។ 

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បាននិយាយថា៖ «មានអន្ទាក់រាប់ពាន់ត្រូវបានដាក់ដើម្បីប្រមាញ់សត្វព្រៃ។ បើយើងមិនចាត់វិធានការណ៍ដើម្បីបញ្ឈប់ការដាក់អន្ទាក់ឥឡូវនេះទេ សត្វព្រៃនឹងអត់មាននៅក្នុងព្រៃរបស់យើងទៀតទេ។ ការបរិភោគសាច់សត្វព្រៃគឺជាមូលហេតុចំបងដែលជំរុញឱ្យមានការដាក់អន្ទាក់។ អង្គការជីវិតធម្មជាតិនៃកម្ពុជាសំណូមពរទៅរដ្ឋាភិបាលបញ្ឈប់ការជួញដូរសត្វព្រៃ នៅតាមផ្សារទាំងអស់ ជាពិសេសការលក់សាច់សត្វព្រៃតាមបណ្តោយផ្លូវ។ យើងក៏សំណូមពរផងដែរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ តែត្រូវអប់រំ និងរាយការណ៍ពីកន្លែងលក់សាច់សត្វព្រៃទៅរដ្ឋាភិបាលតាម រយៈលេខទូរស័ព្ទ ០១២ ៥០០ ០៩៤»។ 

លោក Pablo Sinovas នាយក FFI ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «អន្ទាក់គឺជាការព្រួយបារម្ភដ៏ធំមួយចំពោះសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ អន្ទាក់ជាឧបករណ៍ដែលមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងមិនរើសមុខចំពោះសត្វព្រៃ ដែលនាំឱ្យមានការថយចុះនៃចំនួនសត្វព្រៃ ដែលជាលទ្ធផលបណ្តាលឱ្យប្រព័ន្ធ អេកូឡូស៊ីមានអតុល្យភាព។ វាជារឿងដ៏ចាំបាច់បំផុត ដែលអន្ទាក់ត្រូវតែដកចេញជាបន្ទាន់ពីតំបន់ដែលមានសត្វព្រៃ។ រឹតតែសំខាន់ជាងនេះទៅទៀត​ ដំបូងបំផុតគឺត្រូវលុបបំបាត់កត្តាដែលជំរុញអោយមានការដាក់អន្ទាក់។ ប្រការនេះតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង កាត់បន្ថយតម្រូវការសាច់សត្វព្រៃ និងផលិត ផលសត្វព្រៃផ្សេងទៀត និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនមែនត្រឹមតែសហគមន៍   មូលដ្ឋានប៉ុណ្ណោះនោះទេ។ លោក បានមានប្រសាសន៍ថា ពេលវេលានៅសល់មិនច្រើនប៉ុន្មាននោះទេសម្រាប់សត្វព្រៃនៅកម្ពុជា ហើយយើងត្រូវតែធ្វើសកម្មភាពរួមគ្នាឥឡូវនេះ»។ 

ពេលវេលានៅសល់មិនច្រើនប៉ុន្មាននោះទេសម្រាប់សត្វព្រៃនៅកម្ពុជា ហើយយើងត្រូវតែធ្វើសកម្មភាពរួមគ្នាឥឡូវនេះដើម្បីសង្គ្រោះសត្វព្រៃរបស់យើង។ បើមិនមានចំណាត់ការបន្ទាន់ឥឡូវនេះទេ កម្ពុជានឹងមានហានិភ័យក្នុងការបាត់បង់ពូជសត្វព្រៃដែលមានតម្លៃជាសាកលដោយមិនអាចជំនួសមកវិញបានឡើយ សម្រាប់កូនចៅយើងជំនាន់ក្រោយ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទីពីរនេះ ត្រូវបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងតំបន់ភូមិភាគនីរតីនៃប្រទេសកម្ពុជា អំពីផលវិបាកនៃការដាក់អន្ទាក់ប៉ះពាល់ដល់សុខភាពសាធារណៈ និងការបាត់បង់ជីវៈចម្រុះ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់ការទី១ បានចាប់ផ្តើមឡើងនិងដឹកនាំដោយក្រសួងបរិស្ថាន ដោយមានកិច្ចសហការ និងការគាំទ្រពីអង្គការអភិរក្សនានា ហើយដែលដំណើរការពីខែមីនាឆ្នាំ២០២២ មកនៅខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ។ យុទ្ធនាការនេះបានទទួលលទ្ធផលដ៏ល្អប្រសើរដោយមានអ្នកគាំទ្រចំនួន៣០០០នាក់ មានអត្ថបទចុះផ្សាយលើសពី៦០០ និងមានការផ្សាយតាមបណ្តាលផ្សព្វផ្សាយជាតិ និងអន្តរជាតិ និងក៏មានម្ចាស់ភោជនីយដ្ឋានយ៉ាងតិចចំនួន៥២នាក់ បានតាំងចិត្តបញ្ឈប់ការលក់សាច់សត្វព្រៃ។

នៅក្នុងដំណាក់ការទី២នេះ ក្រសួងបរិស្ថាននាំយុទ្ធនាការនេះមកខេត្តថ្មី ឱ្យមានការដង្ហែក្បួនក្នុងខេត្តពោធិ៍សាត់ កំពង់ស្ពឺ សៀមរាប បាត់ដំបង និងប៉ៃលិន ជាមួយអង្គការដៃគូរួមមាន៖ អង្គការមូលនិធិសកល ដើម្បីធម្មជាតិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ អង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អង្គការមូលនិធិម៉ាដក្សចូលីភីត អង្គការសមា​គម​អភិ​រក្ស​សត្វព្រៃកម្ពុជា អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ អង្គការរីខូហ្វកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print