ភ្នំពេញ : នៅព្រឹក ថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនាពេលនេះ។ សម្តេចតេជោបានថ្លែងអំណរគុណ និងកោតសរសើរដល់អភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។
សម្តេចតេជោបានមានប្រសាសន៍រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតតទៅមុខទៀត។សម្តេចតេជោបានមានប្រសាសន៍ថា នៅឆ្នាំនេះជាខួប ២៥ឆ្នាំ នៃមរណភាពមាតារបស់សម្តេច, និងខួប១០ឆ្នាំនៃមរណភាពបិតា និងជាខួប ១០០ឆ្នាំថ្ងៃកំណើតរបស់បិតាសម្តេចផងដែរ។ សម្តេចតេជោ បានសម្រេចជ្រើសយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបុណ្យខួបនៃមរណភាពបិតារបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ទោះបីថ្ងៃទី១២ ខែកក្កដា ចំពេលដំណើរការបោះឆ្នោតនៅកម្ពុជាយ៉ាងណាក្តី តែសម្តេចមិនអាចបោះបង់ពិធីបុណ្យសម្រាប់បិតា និងមាតានោះឡើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយភ្ញាក់ផ្អើល និងមិននឹកស្មានថា ល្ខោនបាសាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ ក្នុងឱកាសនៃពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ សម្ដេចតេជោបានអនុញ្ញាតឲ្យមានការកំសាន្តទាំងតន្ត្រីសម័យ ទាំងល្ខោនបាសាក់ចំនួន៣យប់នៅទីអារាមនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាអាចប្រារព្ធពិធីបុណ្យទាន និងបុណ្យចូលឆ្នាំយ៉ាងសប្បាយរីករាយ ដោយសារតែប្រទេសមានសុខសន្តិភាព គ្មានភ្លើងសង្គ្រាម។នៅពេលប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ទីអារាមក៏មានការរីកចម្រើនផងដែរ។ពុទ្ធចក្រក៏បានផ្តល់នូវការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អផងដែរ។
អាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុនប៊ូយ៉ុងថោន របស់កូរ៉េ នឹងសាងសង់សាកលវិទ្យាល័យមួយនៅក្បែរវត្តទួលក្រសាំង នេះផងដែរនេះពេលខាងមុខ។
ទាក់ទងទៅនឹងព្រឹត្តិការណ៍ស៊ីហ្គេមដែលសល់តែរយៈពេល១១ ថ្ងៃទៀតតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៤ខែមេសានេះ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះរដ្ឋចំណាយថវិកាប្រមាណ ៧លានដុល្លារបន្ថែម សម្រាប់ការស្នាក់នៅ និងហូបចុករបស់គណៈប្រតិភូកីឡាស៊ីហ្គេម។ សម្តេចតេជោបានបញ្ជាក់ទៀតថានៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនោះសម្ដេចមិនមានការថ្លែងអ្វីច្រើននោះទេមានតែពិធីប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេមតែប៉ុណ្ណោះ។
មុននឹងពិធីកាត់ឬសសីមានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់សប្បុរសជន និងមន្ត្រីមានស្នាដៃមួយចំនួន ដែលបានចូលរួមក្នុងកិច្ចការកសាងអភិវឌ្ឍន៍ក្នុងទីអារាមនេះផងដែរ៕
ដោយ : សិលា