ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារសាងសង់វិមានឯករាជ្យ បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យខេត្តបាត់ដំបង។
នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេក ផ្លូវការ របស់ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា, តាមរយៈក្រុមការងារសាងសង់វិមានឯករាជ្យបានលើកឡើងថា វិមានឯករាជ្យខេត្តបាត់ដំបង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យសម្រេចបានប្រហែល៨៥%ហើយ ក្នុងនោះក្រុមការងារក៏កំពុងតែធ្វើការពន្លឿនការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។
#វិមានឯករាជ្យបាត់ដំបង
#ខ្ញុំស្រឡាញ់បាត់ដំបង ៕
ដោយ : សិលា