ខេត្តត្បូងឃ្មុំ៖ រថយន្តសេ៊រីទំនើប២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់និងស្រាលនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៩និង៣៥នាទីនៅលើផ្លូវកៅស៊ូចំណុចផ្លូវបំបែកជាបួន ក្បែរសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ គង់ សីហុង អធិការរងស្រុកត្បូងឃ្មុំ ទទួលផែនចរាចរណ៍បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកអឹមជី(MG) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM-2865 បើកបរដោយឈ្មោះ ខៀវ ណារុំ ភេទប្រុស អាយុ៥៥ឆ្នាំ ជន ជាតិខ្មែរ នៅភូមិអូរឫស្សីទី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (គ្មានរបួស) បុកជាមួយរថយន្តម៉ាកស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BP-7873 បើកបរដោយឈ្មោះស៊ុន វិចារ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (គ្មានរបួស) និងអ្នករួមដំណើរចំនួន២នាក់ទៀត ក្នុងនោះបណ្តាលឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ និងស្រ្តីម្នាក់ទៀតរងរបួសស្រាល ដោយស្រ្តីទី១-ឈ្មោះ ឈឿន ថាវី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិទួលទំពូង១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (របួសធ្ងន់)និងស្រ្តីទី២-ឈ្មោះ មិញ ណាវី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ នៅភ្នំពេញ(របួសស្រាល)។
លោកវរសេនីយ៍ទោ អធិការរងស្រុកត្បូងឃ្មុំ បានបន្ថែមថា តាមប្រភពនៅទីតាំងកើតហេតុ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកអឹមជី(MG) បើកបរពីជើងទៅត្បូង ឆ្លងផ្លូវ ត្រូវរថយន្តម៉ាកស្តារិច បើកបរពីលិចទៅកើតប្រើប្រាស់ល្បឿនលឿនទៅបុករថយន្តម៉ាកអឹមជី(MG) ពេញទំហឹង បណ្តាលអោយរថយន្តស្តារិច ខូតខាតខាងមុខខ្លាំង ចំហៀង និងបែកកង់មុខក្រោយខាងឆ្វេង (ផ្ទុះពោងសុវត្ថិភាព) និងរថយន្តម៉ាកអឹមជី(MG) ខូចខាតកំណាត់ខាងមុខខាងស្តាំ (ផ្ទុះពោងសុវត្ថិភាព) ផងដែរ ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ដោយសហការី