រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រងនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានលុង

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក TANINAI Ichitomo ឧបទូត និងជាអនុប្រធានបេសកកម្មទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារមណ្ឌលសុខភាពស្រែអង្គ្រង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបានលុង ដែលស្ថិតនៅក្នុងឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈគម្រោងគូសាណូណិ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ក្រុមប្រឹក្សាស្រុក ឃុំ និងលោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងបំផុតលើវិស័យសុខាភិបាលជាមួយការសាងសង់អគារ មន្ទីរពេទ្យ ទាំងមន្ទីរពេទ្យស្តង់ដាធំៗ មន្ទីរពេទ្យបង្អែកស្រុកនិងខេត្ត និងបំពាក់ដោយឧបករណ៍ទំនើបៗ ជ្រើសរើសបុគ្គលិក បម្រើការងារផ្នែកសុខាភិបាល ដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ។

កម្ពុជាមានការអភិវឌ្ឍច្រើន ទោះបីហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍប្រទេសជាតិមានរយៈពេលមិនច្រើនឆ្នាំ ប៉ុន្តែកម្ពុជាអាចធ្វើបាន បូករួមទាំងការទប់ស្កាត់ជំងឺ covid-19 បានទាន់ពេលវេលា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះកម្ពុជាក៏ជាប់ចំណាត់ថ្នាក់ក្នុងការចាក់វ៉ាក់សាំងកូវីដ-19 ជូនប្រជាពលរដ្ឋបានច្រើនជាងគេលើពិភពលោក ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣

-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០៣,៩១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ 

-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។

-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

-លើកុមារអាយុ០៥ឆ្នាំមាន១៤២,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៤៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,៥៣%៕ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print