ភ្នំពេញ : នៅក្នុងជំនួប សម្តែង ការគួរសម និងពិភាក្សាការងារ រវាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក Will Parks តំណាងប្រចាំកម្ពុជានៃអង្គការមូលនិធិ កុមារ អន្តរជាតិ របស់អង្គការ សហប្រជាជាតិ ហៅកាត់ថា UNICEF បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលេីការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅតំបន់ទីប្រជុំជន ជាពិសេស គឺការពិនិត្យវាយតម្លៃពីវឌ្ឍនភាពការអនុវត្តកម្មវិធី ទឹកស្អាត និងអនាម័យ ហៅកាត់ថា WASH(Water ,Sanitation,and Hygiene Program)នៃមូលអង្គការ UNICEF ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់ពី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ វាយតម្លៃ ខ្ពស់ និងថ្លែងអំណរគុណដល់ មូលនិធិអង្គការ UNICEF នៃអង្គការ សហប្រជាជាតិ ដែលបានដេីរតួយ៉ាងសំខាន់ក្នុងសកម្មភាពសុខមាលភាពសង្គមទាក់ទងនិងអាហារូបត្ថម្ភកុមារ ការងារការបញ្ចូលជាតិអុីយ៉ូតក្នុងផលិតផលអំបិល រួមនិងវិស័យទឹកស្អាត ដែលភាគីទាំងពីរបានអនុវត្តរួមគ្នា តាមកម្មវិធីឆ្នាំរំកិល ទទួល បានលទ្ធផលគួរជាទីមោទន: ។
ឆ្លៀតឱកាស នោះ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលេីកឡេីងពីគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍប្រកបដោយចិរភាពនៃអង្គការសហប្រជាជាតិ ដេីម្បីសម្រេចបានការទទួលបានទឹកស្អាត១០០% សម្រាប់ ប្រជាពលរដ្ឋ នៅតំបន់ប្រជុំជន និងនៅឆ្នាំ ២០៣០ ទទួល បានទឹកស្អាតសម្រាប់ទាំងអស់គ្នា ។ ដេីម្បី សម្រេចបាននូវគោលដៅនេះ លោក កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានរំលេចឡេីងនូវទស្សន:វិស័យមួយចំនួន ដេីម្បី ឲ្យតំណាងអង្គការUNICEF ពិនិត្យ ពិចារណា ដូចជាការផលិតទឹក សម្រាប់ធ្វេីការលក់ដុំ-ការយកប្រភពទឹក ពីអាង ទន្លេមេគង្គ សម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់នៅតំបន់ងាយរងគ្រោះ ដូចជាប្រជាពលរដ្ឋរស់នៅបណ្តោយផ្លូវជាតិ លេខ៧ រួមមាននៅតំបន់ខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះជាដេីម ដែលជាតំបន់ទទួលរងគ្រោះការទម្លាក់គ្រប់បែក និងរោយម្សៅព័ណ៍ទឹកក្រូចជម្រុះស្លឹកឈេី ពីសហរដ្ឋអាមេរិក ក្នុងសង្រ្គាមចុងទស្សវត្ស ទី៦០ ដែលធ្វេីប៉ះពាល់យូរអង្វែងដល់សុខភាព មាតា និងទារក ក្នុងតំបន់រងគ្រោះទាំងនោះ ដោយសារពួកគាត់ ប្រេី ប្រាស់ទឹកដែលទទួលរងជាតិគីមីពុលទាំងលេីដី និងក្រោមដី -និងការប្រេីបច្ចេកវិទ្យាទំនេីប ការតម្លេីងអាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូច នៅតាមតំបន់ភូមិប្រជាពលរដ្ឋនីមួយៗជាដេីម។
លោក Will Parks តំណាងប្រចាំកម្ពុជានៃអង្គការ UNICEF បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការល្អ និងសមិទ្ធផល ការងាររួម ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តបន្តធ្វេីជាដៃគូអភិវឌ្ឍដ៏សកម្មជាមួយកម្ពុជា ក្នុងការ ប្តេជ្ញា ចិត្ត គាំទ្រ ឲ្យកម្ពុជា ឈាន ទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ជាពិសេស ផលប្រយោជន៍ សម្រាប់ ប្រជាពលរដ្ឋក្រីក្រ សហគមន៍ ងាយរងគ្រោះ និង កុមារ កម្ពុជា ។ ទន្ទឹមគ្នានេះ ដៃគូ សន្ទនា ក៏បាន ពិភាក្សាទាក់ទង និងយន្តការការប្រេី ប្រាស់មូលនិធិអភិវឌ្ឍវិស័យទឹកស្អាត និងគម្រោង ហិរញ្ញប្បទាន សហប្រតិបត្តិការ ពិសេសមេគង្គ-ឡានឆាង ដេីម្បីអភិវឌ្ឍ វិស័យ ទឹកស្អាត និងជួយឧបត្ថម្ភធនសម្រាប់តបណ្តាញទឹកស្អាតដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ៕
ដោយ : សហការី