ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ នាឱកាសបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) ដែលប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ខាងលេីនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ បានប្រកាសណែនាំដល់សាលាភូមិន្ទរដ្ឋបាល ក៏ត្រូវតែកែទម្រង់ខ្លួនឯងផងដែរ ជាពិសេសលើមុខវិជ្ជាភាពជាអ្នកដឹកនាំ ដោយសាលាមិនអាចនៅបង្រៀនតែមុខវិជ្ជាចាស់ៗ ដដែលៗនោះទេ។
*សម្តេចតេជោ ថ្លែងអំណរគុណ និងថ្លែងការកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាល ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលមន្ត្រីបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏សូមលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដោយត្រូវបើកវគ្គផ្សេងៗទៀត ដើម្បីតម្រង់ទិសមន្ត្រី។
*សម្តេចតេជោ ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេអ្នកគាំទ្រកីឡា សូមបងប្អូនរក្សាភាពថ្លៃថ្នូរ និងកិត្តិយសជាតិ តាមរយៈការប្រកួតកីឡានីមួយៗ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម។
*សម្តេចតេជោ ថ្លែងសារជាថ្មីដល់អាជ្ញាធររាជធានី-ខេត្តរៀបចំការផ្សាយបន្តតាមស្លាយ(LED)សម្រាប់បញ្ចាំងពីការបើក បិទ និងការប្រកួតស៊ីហ្គេម ដើម្បីឱ្យបងប្អូនបានទស្សនាពីខាងក្រៅបានទស្សនា ដោយសារកន្លែងប្រកួតមានកំណត់។
*សម្តេចតេជោ ប្រកាសឱ្យមានការការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់ ដែលត្រូវនិរាករណ៍ និងជំនួសដោយអនុក្រឹត្យថ្មី ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលបច្ចុប្បន្នកំពុងរងគ្រោះ និងគំរាមកំហែង។
*សម្តេចតេជោ ថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា បានទទួលផលរួចទៅហើយ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន គឺបានទទួលផលពីការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន។
*សម្ដេចតេជោ ថ្លែងថា ប្រសិនគ្មានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ រាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ-១៩នៅថ្នាក់មូលដ្ឋាន និងដំណោះស្រាយផ្សេងៗនៅមូលដ្ឋាន។
*សម្ដេចតេជោ បានរម្លឹកឡើងវិញថា បើសិនជាកម្ពុជា រក្សានូវការកែទម្រង់រចនាសម្ព័ន្ធ និងរដ្ឋបាល នៃការដឹកនាំជាតិ ដូចកាលពីឆ្នាំ១៩៩៣ ដែលបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ខេត្តជាចំបងនោះ មកដល់ពេលនេះ ការកែទម្រង់រដ្ឋបាលរបស់កម្ពុជាអាចដើរលឿនជាងមុន៥ឆ្នាំ។
*សម្តេចតេជោ បានប្រកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីភាពល្អប្រសើរ នៃការបំពេញការងារបម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មន្ត្រីត្រូវចេះកែទម្រង់ខ្លួនឯង …[]សម័យ Digital បើមនុស្សមិនDigitalក៏មិនអាចទៅរួចដែរ»។
*សម្តេចតេជោ ថ្លែងថា បើចង់កែទម្រង់ស្ថាប័ន គឺត្រូវកែទម្រង់មនុស្សជាមុនសិន ព្រោះមនុស្សជាអ្នកដឹកនាំស្ថាប័ន។ សម្តេចបន្តជំរុញឱ្យក្រសួងស្ថាប័នបន្តពង្រឹងសមត្ថភាពធនធានមនុស្សថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការ។
*សម្តេចតេជោ ប្រកាសថា មុនតែងតាំង និងដំឡើងឋានៈតួនាទីមន្ត្រី ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ឬជំពាក់វគ្គបណ្តុះបណ្តាល ព្រោះធ្វើយ៉ាងនេះ កម្រិតចំណេះដឹងរបស់មន្ត្រីយើងក៏មានភាពល្អប្រសើរផងដែរ។
*សម្តេចតេជោ បានប្រកាសពីគោលបំណងឡើងវិញ ក្នុងការមកបើកវគ្គបណ្តុះបណ្តាល និងផ្តល់ទស្សនទានដល់សិស្ស ,និស្សិតសាលាភូមិន្ទរដ្ឋបាល ខណៈដែលសម្តេចនៅមានឈ្មោះជាសាស្ត្រាចារ្យកិត្តិយស នៃសាលាភូមិរដ្ឋបាលនៅឡើយទេ។ សម្តេចតេជោ បញ្ជាក់ថា ក្នុងអំឡុងពេលបង្រៀនដល់សិស្ស,និស្សិតសាលាភូមិន្ទរដ្ឋបាល សម្តេចនឹងផ្ដោតសំខាន់លើការសួរសំណួរ ដោយការសួរសំណួរនោះក៏មានលក្ខខណ្ឌផងដែរ នៃបទពិសោធផ្ទាល់របស់សម្ដេចដល់មន្រ្ដីរាជការ។
*សម្តេចតេជោ បានដាស់តឿនដល់មន្រ្ដី ត្រូវរម្លឹកខ្លួនឯងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិស។ សម្តេចតេជោ បញ្ជាក់ថា «យើងជាអ្នកបម្រើប្រជាជនមិនមែនចៅហ្វាយប្រជាជនទេ បើចាំមិនបានទេ មន្រ្ដីនោះគឺងាយនឹងបាត់បង់តំណែង ហើយបើបាត់បង់តំណែងហើយ គឺពិបាកនឹងត្រលប់ក្រោយណាស់»។ សម្តេចជំរុញឱ្យមានការពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌ ដល់មន្រ្ដីបន្ថែមទៀត។
*សម្តេចតេជោ ប្រកាសលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋាននោះតែម្តង ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីផងដែរ។ សម្តេចតេជោ បានប្រកាសថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីចាំបាច់ និងតម្រូវការជាក់ស្តែងប៉ុណ្ណោះ។
*សម្តេចតេជោ បានរំលឹកឱ្យមន្ត្រីប្រុងប្រយ័ត្នក្នុងការបំពេញតួនាទីរបស់ខ្លួន ជៀសវាងការដកចេញពីតំណែង ក្នុងកំហុសឆ្គងដែលមិនអាចអត់ឱនលើកលែងបាន។ សម្តេចតេជោ បញ្ជាក់ថា មានមន្ត្រីខ្លះ កុហកនាយករដ្ឋមន្ត្រីថា ខ្លួនឯងកំពុងនៅកន្លែងការងារ ខណៈដែលពួកគេទាំងនោះកំពុងនៅក្នុងKTV ហើយពេលខ្លះបើកសារសំឡេងសម្តេចឱ្យស្រីស្នេហ៍ស្តាប់បង្អួតគេថែមទៀត។
*សម្តេចតេជោ រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយពោលថា ប្រពន្ធសក្តិ៣ ប្ដីសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥ ដែលបង្កបញ្ហាលើការបម្រើការងាររបស់មន្រ្ដីរាជការ ដោយប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ ទៅធ្វើអាជីវកម្ម ដែលអាចឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯងនាពេលខាងមុខ។
*សម្តេចតេជោ ថ្លែងថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស គឺប្រពន្ធ និងកូនត្រូវធ្វើអំពើល្អ ដើម្បីជាគំរូដល់អ្នកដទៃ និងជាទីគោរពស្រលាញ់របស់មន្ត្រីរាជការក្រោមឱវាទ។
*សម្តេចតេជោ ថ្លែងថា មន្រ្តីគណបក្សប្រជាជនកម្ពុជា ពុំដែលអួតអាងថាខ្លួនជាអ្នកស្នេហាជាតិនោះទេ ប៉ុន្តែពួកគេបានក្លាយខ្លួនជាអ្នកការពារជាតិ ការពារសុខសន្តិភាព ហើយធ្វើការខាំស្មៅរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ដែលកត្តានេះគឺខុសពីគណបក្សខ្លះអួតអាងថាខ្លួនស្នេហាជាតិតែមិនដែលនៅស្រុក។
*សម្តេចតេជោ ថ្លែងថា អ្នកស្នេហាជាតិពិតពិតប្រាកដ គេមិនដែលអួតអាងនោះទេ គឺគេធ្វើទង្វើជាក់ស្តែង។ សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរគណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ ដែលតែងអួតខ្លួនថា ប្រជាធិបតេយ្យ តែតែងធ្វើសកម្មភាពដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
*សម្តេចតេជោ ថ្លែងថា ពីមុនមានតែស្ត្រីទេ ដែលដាក់គូទអង្គុយប៉ុកនិយាយដើម មន្ត្រីជាបុរសក៏មានដែរ។ សម្តេចបន្តថា «មានមន្ត្រីខ្លះមករាយការណ៍ជូនសម្តេចចប់ ចាប់ផ្តើមនិយាយដើមគេ(និយាយពីអ្នកនេះ, និយាយពីអ្នកនោះ) ដែលមន្ត្រីប្រភេទនេះ សម្តេចក៏បានកត់សម្គាល់ផងដែរ»។
*សម្តេចតេជោ ប្រកាសជំរុញឱ្យមន្រ្ដីខិតខំទទួលយកនូវព័ត៌មានដែលពិតដែលមន្រ្ដីផ្ដល់ព័ត៌មានដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បាននូវព័ត៌មាននានា»។
*សម្តេចតេជោ បានប្រកាសដោយប្រាកដនិយមថា បើនរណានិយាយអាក្រក់ពីអ្នកដទៃប្រាប់សម្តេច, ពេលចេញទៅវិញ អ្នកនោះក៏និយាយដើមសម្តេចប្រាប់គេវិញម្តង…[]«អ្នកនិយាយដើមគេជាមនុស្សអាក្រក់»។សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចគឺជាសត្រូវរបស់ពួកបំផ្លាញជាតិ ដូច្នេះទើបពួកអាក្រក់ដែលធ្វើអំពើអាក្រក់ មានគំនិតបំផ្លាញជាតិ តែងតែរិះគន់សម្ដេចថាមិនល្អមិនឈប់ឈរ។
*សម្តេចតេជោ ថ្លែងសារជាថ្មីដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ សូមបំពេញកិច្ចការរបស់ខ្លួនតាមច្បាប់ ដោយមិនរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីនោះឡើយ។ សម្តេចតេជោ បញ្ជាក់ថា នាពេលខាងមុខនេះ កម្ពុជានៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់ ត្រូវតាមឱ្យទាន់សភាពការណ៍ ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិតផលប្រយោជន៍ប្រជាជនជាចំបង។
*សម្តេចតេជោ ថ្លែងថា និស្សិតខ្មែរ(ខ្មែរ-អ៊ីស្លាម)កំពុងសិក្សាទៅប្រទេសស៊ូដង់ ជាទីកំពុងមានសង្គ្រាមយ៉ាងខ្លាំងក្លាត្រូវបានជម្លៀសមកកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតហើយ និងបន្តមកកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលមានសុវត្ថិភាព។
*សម្តេចតេជោ ថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូននាវាទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីតំបន់សង្គ្រាមក្នុងប្រទេសស៊ូដង់ ក្នុងនោះក៏មាននិស្សិតខ្មែរផងដែរ ព្រមទាំងបានអំពាវនាវដល់ក្រុមគ្រួសារនិស្សិតខ្មែរ-អ៊ីស្លាម កុំព្រួយបារម្ភពីសុវត្ថិភាពពួកគេ៕ដោយ៖ស តារា